ចង់ទៅណា?
ប្រភពរូបភាព: Pinterest
ខ្ញុំអង្គុយមើលទៅកញ្ចក់លើកដៃប្រុងនឹងវាយវាឱ្យបែកខ្ចាត់ខ្ចាយទៅលើដីដូចជានៅក្នុងរឿងភាពយន្តដែល ខ្ញុំទើបនឹងមើល។ តែខ្ញុំមិនហ៊ានធ្វើខ្លាចបង្កជាសំឡេងរំខានដល់អ្នកផ្ទះរបស់ខ្ញុំ។ គ្រប់គ្នាប្រហែលជាកំពុងគេងលក់ស្កប់ស្កល់នៅវេលាកណ្តាលអធ្រាត្យបែបនេះ។ ចុះខ្ញុំ? ហេតុអ្វីនេត្រាទាំងគូមិនអាចធ្មេចបាន? ដោយសារតែហេតុអ្វីទៅ? ប៉ុន្មានរាត្រីហើយដែលខ្ញុំមិនអាចធ្មេចភ្នែកបាន? រំពេចនោះថ្ពាល់ខ្ញុំក៏ជោកជាំទៅដោយទឹកនេត្រា។ ខ្ញុំយំឬ? ហេតុអ្វីខ្ញុំយំ? តើខ្ញុំមានរឿងអ្វី? ខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចង់យំ។ យំហើយធ្វើឱ្យខ្ញុំធូរចិត្ត។ ធូរចិត្តរឿងអី? ខ្ញុំក៏មិនដឹងដែរ។ តើខ្ញុំពិបាកចិត្តរឿងអី?
អាយុទើបនឹងដប់បីដប់បួនឆ្នាំ មានទុក្ខព្រួយអីប៉ុន្មានទៅទើបបានជាអង្គុយយំសឹងរាល់យប់បែបនេះ? ខ្ញុំមិនមែនយំព្រោះខ្ញុំរៀនអន់ ឬបានពិន្ទុអន់នោះទេ។ ខ្ញុំរៀនបានលេខមួយ។ ខ្ញុំជាសិស្សពូកែប្រចាំថ្នាក់។ ខ្ញុំជាសិស្សល្អមិនដែលគេចរៀន។ ខ្ញុំជាសិស្សដែលអ្នកគ្រូ-លោកគ្រូ នាយកសាលា ឪពុកម្តាយ អ៊ំពូមីង តាយាយ តែងរំឭកឈ្មោះដល់នៅពេលណាពួកគាត់ចង់លើកយកសិស្សល្អ សិស្សគំរូ មកប្រាប់នរណាម្នាក់។
ចុះហេតុអ្វីខ្ញុំយំ? ខ្ញុំមិនដឹង។ ខ្ញុំរៀនពូកែ ប៉ុន្តែខ្ញុំគ្មានពួកម៉ាកម្នាក់ឡើយ។ មនុស្សដែលមកជិតស្និទ្ធនឹងខ្ញុំ គឺព្រោះតែខ្ញុំរៀនពូកែ។ កូនអ្នកមាននាំគ្នាប៉ាវខ្ញុំញ៉ាំនំ ឬ ក៏ហៅទៅលេងផ្ទះគេ ជួយធ្វើលំហាត់គេ។ កូនអ្នកមធ្យមបបួលខ្ញុំដើរជាមួយ ឬក៏ ហៅខ្ញុំទៅរៀនជុំគ្នាដើម្បីខ្ញុំអាចជួយបង្រៀនគេ។ កូនអ្នកក្រមិនហ៊ានដើរជិតខ្ញុំទេ ព្រោះគិតថាខ្ញុំស្អប់ពួកគេទាំងដែលការពិតខ្ញុំមិនចេះស្អប់នរណាឡើយ។ អ្នកដែលខ្ញុំស្អប់នោះ គឺខ្លួនឯង។ គឺខ្លួនឯងតែម្នាក់គត់។ ប៉ុន្មានថ្ងៃនេះ ខ្ញុំលួចឆែកមើលអ៊ីនធឺណែតញឹកញាប់ណាស់។ តើដឹងថា ខ្ញុំឆែកពីរឿងអ្វីទេ? ឆែកមើលថា តើធ្វើយ៉ាងណាដើម្បីស្លាប់ទៅមិនសូវឈឺចាប់? តើធ្វើយ៉ាងណាដើម្បីស្លាប់លឿនបំផុត?
ប៉ុន្តែខ្ញុំខ្លាចរឿងមួយទៀត គឺរឿងដែលខ្ញុំមិនច្បាស់ថានឹងមាននៅលើលោកនេះមែនឬក៏អត់? អបិយជំនឿ!!! ខ្ញុំតែងឮចាស់ៗបន្លាចថា មនុស្សដែលធ្វើអត្តឃាត នឹងរស់នៅក្នុងខ្ទះខ្លាញ់រហូតព្រះនឹងមិនប្រោសទេ។ ហើយគេក៏លែងចាប់ជាតិបានដែរ។ ខ្ញុំអង្គុយឆែកមើលថា តើមនុស្សស្លាប់ហើយទៅទីណា។ អង្គុយនៅមុខកុំព្យូទ័ររាល់ថ្ងៃ ខ្ញុំឧស្សាហ៍បើកមើលហ្វេសប៊ុកដែរ។ ខ្ញុំបានបង្កើតអាខោនក្លែងក្លាយមួយដើម្បីទុកផុស status sad sad របស់ខ្ញុំ តែគ្មាននរណា comment ថាយ៉ាងម៉េចទេ។ មែនហើយ គ្មាននរណាចាប់អារម្មណ៍ទេ។ ប្រហែលជាអ្នកខ្លះគិតថា ខ្ញុំគ្រាន់តែទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ។
វាប្រាកដហើយ ក្មេងអាយុទើបដប់បីដប់បួនឆ្នាំដូចខ្ញុំ អង្គុយយំរាល់ថ្ងៃ នៅរាល់ពេលដែលបងប្អូនក្នុងផ្ទះគេងលក់អស់ ប្រាកដជាកំពុងតែទាមទារការចាប់អារម្មណ៍ពីនរណាម្នាក់ហើយ។ ខ្ញុំមិនធ្លាប់ប្រាប់អ្នកផ្ទះ។ ខ្ញុំមិនធ្លាប់ប្រាប់ម៉ាក់។ ខ្ញុំមិនធ្លាប់ប្រាប់ប៉ា។ ខ្ញុំមិនធ្លាប់ប្រាប់បងប្រុស។ ខ្ញុំមិនធ្លាប់ប្រាប់បងស្រី។ ខ្ញុំមិនធ្លាប់ប្រាប់ពួកម៉ាក។ នឹកដល់នេះ ខ្ញុំចង់តែសើច។ អាយុប៉ុណ្ណេះហើយ ខ្ញុំគ្មានពួកម៉ាកទេ។ ខ្ញុំមានតែមិត្តរួមថ្នាក់។ ហេតុអ្វីខ្ញុំនិយាយបែបនេះ? ព្រោះមើលទៅគ្មាននរណាគេចង់ក្លាយជាពួកម៉ាកខ្ញុំទេ។ មិត្តរួមថ្នាក់របស់ខ្ញុំរាប់អានខ្ញុំ ព្រោះតែចង់បានអ្វីមួយពីខ្ញុំប៉ុណ្ណោះ។ សំឡេងទូរស័ព្ទរបស់ខ្ញុំញ័រតិចៗបញ្ជាក់ថា មានសារចូលមក។ ខ្ញុំលូកដៃជូតទឹកភ្នែកយកទូរស័ព្ទមកចុចបើកមើលសារ។
-ចង់ទៅណា?
នរណាគេសរសេរមកសួរខ្ញុំថា ចង់ទៅណាអ៊ីចឹង? អូ! មែនហើយ។ មុននេះខ្ញុំបានដាក់ status ថា លាហើយ នៅលើហ្វេសប៊ុករបស់ខ្ញុំ។
-ទៅឆ្ងាយ។
ខ្ញុំឆ្លើយត្រលប់ទៅវិញ។
-ទៅធ្វើអី?
មនុស្សម្នាក់នេះជានរណា? ខ្ញុំឆែកមើលអាខោនរបស់គេភ្លាម។ នៅលើ wall របស់គេ មានតែ quotes លើកទឹកចិត្ត និង quotes វិជ្ជមានផ្សេងៗ។ ខ្ញុំទាយបានភ្លាមថា គេប្រហែលជាមានរឿងដូចជាខ្ញុំដែរ គឺបាក់ទឹកចិត្តរហូតទាល់តែខ្ញុំប្រទះឃើញព័ត៌មានមួយដែលគេស៊ែរចូលមក។ ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ជាសិស្សពូកែគណិតវិទ្យាបានលេបថ្នាំសម្លាប់ខ្លួន។ ប៉ុន្តែ គ្រួសារជួយទាន់ពេលវេលា។ ក្មេងប្រុសម្នាក់នោះមិនមែនសម្លាប់ខ្លួន ព្រោះតែជំងឺបាក់ទឹកចិត្តទេ គឺគេសម្លាប់ខ្លួន ព្រោះគេកើតមកហើយឈឺញឹកញាប់រហូតធ្វើឱ្យអ្នកផ្ទះត្រូវលក់ដី លក់ឡាន ដើម្បីយកលុយទៅព្យាបាលគេ។
គេអាណិតអ្នកផ្ទះខ្លាំងពេក ទើបមិនចង់នៅរស់ជាបន្ទុករបស់អ្នកផ្ទះបន្តទៀត។ ដើម្បីឱ្យអ្នកផ្ទះអាចរកស្នាមញញឹមត្រលប់មកវិញ គេសុខចិត្តស្លាប់ក្លាយជា សាកសព។ គេមិនចង់ឱ្យប៉ាម៉ាក់របស់គេបន្តលក់របស់របរនៅក្នុងផ្ទះ ដើម្បីព្យាបាលគេបន្ត។ ទាំងនេះសុទ្ធតែមាននៅក្នុងសំបុត្រផ្តាំលារបស់គេ។ ក្រោយពីគ្រួសារជួយគេទាន់ពេលវេលានោះ គ្រួសារគេបានប្រាប់ថា បើគេស្លាប់នឹងធ្វើឱ្យមនុស្សជាច្រើនយំ។ មិនបានធ្វើឱ្យនរណាញញឹមទេ។ ក្មេងប្រុសនោះយំយ៉ាងខ្លាំង គេមិនមានចេតនាឱ្យនរណាយំដើម្បីគេ។ គេជាមនុស្សម្នាក់ដែលចង់រកស្នាមញញឹមឱ្យបបូរមាត់អ្នកផ្សេងទៀតទើបគិតថានឹងស្លាប់ទុកឱកាសឱ្យគ្រួសារសល់លុយកាក់។ ក្រោយពីព័ត៌មាននេះផ្សព្វផ្សាយ ក៏មានសប្បុរសជនជាច្រើននាក់រៃលុយគ្នាជួយឧបត្ថម្ភដល់ការព្យាបាលរបស់ក្មេងប្រុសនោះ។
រស់នៅដើម្បីរកស្នាមញញឹមឱ្យអ្នកដទៃឬ? គេមហិមាពេកហើយ!!!
ខ្ញុំមិនមែនជាមនុស្សបែបនោះទេ។ ខ្ញុំមិនចង់រស់ដើម្បីបង្កើតស្នាមញញឹមឱ្យនរណាឡើយ។ ខ្ញុំមិនទាំងអាចរកស្នាមញញឹមឱ្យខ្លួនឯងផង តើខ្ញុំអាចនឹងធ្វើឱ្យនរណា ញញឹមកើតទៅ?
ខ្ញុំក៏គិតទៅដល់ប៉ាម៉ាក់ បងប្អូនរបស់ខ្ញុំទាំងអស់គ្នា។ បើខ្ញុំស្លាប់ទៅមែន ពួកគេនឹងយំទេ តែក៏សមមុខពួកគេ ហើយមែនទេ? ពួកគេមិនដែលខ្វល់ពីខ្ញុំ មិនដែលសួរថា ខ្ញុំសុខសប្បាយឬក៏អត់ទេ ឱ្យយំខ្លះក៏ល្អហើយ។ ខ្ញុំលើកយកដបថ្នាំមកមើល។ បើខ្ញុំលេបហើយ ខ្ញុំនឹងបានដេកលក់រហូតមែនទេ? ខ្ញុំហត់ណាស់។ ខ្ញុំមិនចង់បើកភ្នែកមើលពិភពលោកនេះទៀតទេ។ ខ្ញុំមិនចង់ក្រោកពីព្រឹកទៅរៀន។ ខ្ញុំមិនចង់ស្តាប់មេរៀន។ ខ្ញុំមិនចង់ញញឹមដាក់មិត្តក្លែងក្លាយ។ ខ្ញុំមិនចង់…
-បើចង់ទៅណា មើលសិនថា បំណងប្រាថ្នាខ្លួនបានសម្រេចហើយឬនៅ?
សារមួយទៀតលោតចូលមក។ ខ្ញុំមើលហើយ ក៏នឹកអស់សំណើច។ គេនោះដឹងស្អីទៅ? គេមិនដឹងទុក្ខសោករបស់ខ្ញុំទេ។ បំណងប្រាថ្នាឬ? ខ្ញុំធ្លាប់គិតថា ខ្ញុំចង់ធ្វើដំណើរជុំវិញពិភពលោក។ មែនហើយ! ខ្ញុំមិនទាន់បានស្គាល់សូម្បីតែថៃ ឬវៀតណាម ប្រទេសនៅជិតខាងខ្ញុំផង ខ្ញុំចង់ទៅណា? មុននឹងស្លាប់ ខ្ញុំគួរតែសម្រេចបំណងប្រាថ្នាមួយនេះសិនដែរ គឺដើរលេងជុំវិញពិភពលោក។ ខ្ញុំដាក់ដបថ្នាំចុះវិញ ហើយប្តេជ្ញាថា ខ្ញុំមិនស្លាប់មុននឹងធ្វើឱ្យបំណងរបស់ខ្ញុំបានសម្រេចទេ។ ខ្ញុំព្យួរការស្លាប់ របស់ខ្ញុំសិន។ ចាំពេលបំណងរបស់ខ្ញុំបានសម្រេចហើយ ខ្ញុំនឹងសម្លាប់ខ្លួន។
តាំងពីថ្ងៃនោះមក ខ្ញុំលែងទាមទារការចាប់អារម្មណ៍ពីនរណាទៀតហើយ។ ខ្ញុំលែងផុស status sad sad បន្តទៀត។ ខ្ញុំអង្គុយមើលរូបថតទីកន្លែងស្អាតៗ ដែលខ្ញុំ កំណត់ថានឹងទៅនៅថ្ងៃណា ដែលខ្ញុំមានលុយគ្រប់គ្រាន់។ ខ្ញុំក្រោកពីព្រឹកទៅរៀន។ ខ្ញុំមិនខ្វល់នឹងដើរជាមួយនរណា ដែលខ្ញុំមិនមានអារម្មណ៍ថា គេចូលចិត្តព្រោះតែ ខ្ញុំជាខ្ញុំ។ ខ្ញុំសុខចិត្តដើរម្នាក់ឯង ទៅផ្ទះម្នាក់ឯង ញ៉ាំបាយស្រូបម្នាក់ឯង ហើយមិត្តល្អរបស់ខ្ញុំ គឺសៀវភៅ។ មានតែវិជ្ជាតែមួយគត់ ដែលអាចនឹងធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច។
ប៉ុន្តែនរណាទៅដឹងថា ចំណូលចិត្តចង់ដើរកំសាន្តកន្លែងជាច្រើនរបស់ខ្ញុំ ក៏បានទាក់ទាញអ្នកផ្សេងទៀតឱ្យចូលមកជជែកលេងជាមួយនឹងខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំបង្កើតមិត្តភាពជាមួយនឹងមនុស្ស ដែលមានចំណូលចិត្តដូចជាខ្ញុំដែរ។ ពួកយើងសន្យាគ្នាថានឹងធ្វើដំណើររួមគ្នាទៅបរទេសនៅថ្ងៃណាមួយ។ ហើយថ្ងៃនោះក៏មកដល់…
១០ឆ្នាំក្រោយមក ខ្ញុំកាន់លិខិតឆ្លងដែនរបស់ខ្ញុំ អូសវ៉ាលិសទាំងសប្បាយចិត្តជាមួយមិត្តខ្ញុំប៉ុន្មាននាក់។ នៅខាងមុខខ្ញុំ មានមនុស្សប្រុសម្នាក់ពាក់វ៉ែនតាខ្មៅកំពុង តែ check-in។
-បង គឺលោកវេជ្ជបណ្ឌិតម្នាក់នោះមែនទេ?
បុគ្គលិកអាកាសចរចង្អុលទៅរូបថតលើផ្ទាំងផ្សាយពាណិជ្ជកម្មមួយនៅជិតនោះ។ រូបរាងវេជ្ជបណ្ឌិតខ្ពស់ ស្រឡះម្នាក់កំពុងឈរញញឹមមកមនុស្សជាច្រើននាក់សុំឱ្យ មនុស្សគ្រប់គ្នាជួយផ្តល់ប្រាក់ឧបត្ថម្ភទៅមន្ទីរពេទ្យ។
-សង គំនិត!
ខ្ញុំអានឈ្មោះរបស់គេឮៗធ្វើឱ្យគេងាកមកមើលខ្ញុំ ព្រមទាំងញញឹមផង។
-អូនស្គាល់បងដែរឬ?
ខ្ញុំញញឹមដាក់គាត់។ វាជាឈ្មោះរបស់ក្មេងប្រុសម្នាក់ ដែលដប់ឆ្នាំមុនបានសម្លាប់ខ្លួនដើម្បីរកស្នាមញញឹមឱ្យ គ្រួសារ។ ខ្ញុំក៏ច្បាស់ដែរថា គឺប្រាកដជាគាត់ម្នាក់នេះហើយ ដែលផ្ញើសារឱ្យខ្ញុំកាលពីដប់ឆ្នាំមុន។
ពួកយើងឈរមើលមុខគ្នានៅកន្លែង check-in។ មនុស្សម្នាក់នេះហើយ ដែលជួយខ្ញុំឱ្យរកបំណងប្រាថ្នានៅក្នុងជីវិត។ មនុស្សម្នាក់នេះហើយ ដែលជួយឱ្យខ្ញុំគេចផុតពីសេចក្តីស្លាប់។ ប្រសិនបើគ្មានគេហុចដៃមករកខ្ញុំនៅថ្ងៃនោះទេ ក៏គ្មានរូបខ្ញុំកំពុងឈរជាមួយនឹងអាវវែងចងចង្កេះលើខោខ្លីដ៏ស្រស់ស្អាតនៅពេលនេះដែរ។
អរគុណ ដែលបានហុចដៃមកឱ្យខ្ញុំនៅថ្ងៃដែលខ្ញុំអស់សង្ឃឹមបំផុតក្នុងជីវិត។
ខ្ញុំញញឹមទៅគាត់ រួចនិយាយឃ្លាមួយ៖
-បើចង់ទៅណា មើលសិនថា បំណងប្រាថ្នាខ្លួនបានសម្រេចនៅ?
គាត់ឮហើយ បើកភ្នែកធំៗ។ គាត់ច្បាស់ជាដឹង ហើយថាឃ្លានោះគាត់និយាយទៅនរណាកាលពីដប់ឆ្នាំមុន។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត