គេឈ្មោះម៉ានុ
ប្រភពរូបភាព: Pinterest
ខ្ញុំដាក់ចិត្តរួចហើយថា ខ្ញុំនឹងធ្វើវាថ្ងៃនេះ។ មកដល់លើកំពូលភ្នំ ខ្ញុំក្រឡេកមើលចុះទៅក្រោម។ ខ្ពស់ខ្លាំងណាស់។ លោតចុះទៅហើយ ច្បាស់ជាខ្ទេចគ្មានសល់ឆ្អឹងទេ។
ហ៊ើយជ្រុលជាសម្រេចចិត្តហើយ មិនបាច់ដកខ្លួនថយទេ។ ពិភពលោកនេះ អត់ខ្ញុំម្នាក់ក៏មិនអីដែរ។
កើតមកក្នុងគ្រួសារមួយ ដែលប៉ាម៉ាក់ចាប់អារម្មណ៍តែលើប្អូនពៅនិងបងធំ ព្រោះពួកគេជាមនុស្សឆ្លាត មនុស្សពូកែគ្រប់យ៉ាង។ ដល់ទៅចេះមានសង្សារ ក៏ជួបតែប្រុសថោកៗបោកយកខ្លួនហើយក៏ទៅបាត់។ សំណាងហើយប្រើស្រោម។ កុំអីពេលនេះខ្ញុំកំពុងពពោះកូនអត់ឪផង។ នេះមកពីខ្ញុំដែរដោយសារតែខ្វះការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួនតាំងពីតូចមក ឱ្យតែមាននរណាចូលមកក្នុងជីវិតខ្ញុំ ចេះយកចិត្តខ្ញុំបន្តិចបន្តួច ខ្ញុំឆាប់ដាក់ចិត្តស្រលាញ់គេវិញភ្លាម។ ធ្វើជាស្រីម្នាក់ អាយុដល់២៦ឆ្នាំហើយ តែហាក់ដូចជាគ្មានឃើញគោលដៅអីសោះក្នុងជីវិតក្រៅតែពីចង់អត់ដង្ហើមឱ្យស្លាប់បាត់ប៉ុណ្ណោះ។ ខ្ញុំគ្មានមិត្តល្អទេ ម្នាក់ៗចូលមកក្នុងជីវិតខ្ញុំដើម្បីតែប្រយោជន៍។ ដល់តែបូមយកប្រយោជន៍ពីខ្ញុំអស់ ខ្ញុំនឹងក្លាយជាឆ្កែអង្គែស៊ីគ្មាននរណាមើលមុខទៀតដែរ។
ពេលគេសួរថា ខ្ញុំមានគម្រោងអ្វីទៅអនាគត ខ្ញុំមិនដឹងទេ។ មិនមានអ្វីដែលខ្ញុំស្រលាញ់ ខ្ញុំចង់ធ្វើឱ្យទាល់តែបានសោះ។ ខ្ញុំគ្រាន់តែត្រូវការរកមនុស្សស្មោះនឹងខ្ញុំ ស្រលាញ់ខ្ញុំដោយចិត្តស្មោះ។ ហេតុអ្វីក៏ពិបាកម្ល៉េះ? បានហើយ ជីវិតមួយនេះ សុំឆាចោល។ ហត់នឿយខ្លាំងណាស់។ ខ្ញុំមិនចង់រស់បន្តទៀតទេ។ ខ្ញុំបិទភ្នែក ឈានជើងទៅមុខគិតថា លោតចុះឱ្យស្លាប់បាត់ដង្ហើម ស្រាប់តែ…
-វ៉ាវ! វ៉ាវ! ស្អាតខ្លាំងណាស់!
សំឡេងស្រែកខ្លាំងៗរបស់នរណាម្នាក់នោះបង្អាក់ដំណើរឡើងទៅឋានសួគ៌ជួបទេវតារបស់ខ្ញុំ។ មិនច្បាស់ថា ឡើងឋានសួគ៌ ឬចុះនរកទេ។ ខ្ញុំបើកភ្នែក ងាកមើលទៅខាងឆ្វេងដៃឃើញមនុស្សប្រុសម្នាក់ស្ពាយសាក់កាដូកំពុងឈរធ្មឹងយកទូរស័ព្ទថតទេសភាពពីលើកំពូលភ្នំ។ គេហាក់ដូចជារីករាយក្នុងចិត្តដែលបានមកឃើញទេសភាពស្អាតបែបនេះ។ ខ្ញុំមើលទៅតាមក្រសែភ្នែករបស់គេ ខ្ញុំទទួលស្គាល់ថាទេសភាពស្អាតមែន តែក្នុងចិត្តខ្ញុំគ្មានអារម្មណ៍នឹកចង់សរសើរទេសភាពអីនៅពេលនេះទេ។ ខ្ញុំបិទភ្នែកម្តងទៀតប្រុងនឹងឈានជើងលោតចុះទៅក្រោម។
-ចង់លោតឬ?
សំនួរមួយលាន់ឮឡើងចេញពីប្រអប់មាត់របស់បុរសខ្ញុំមិនស្គាល់ឈ្មោះ។ ខ្ញុំបើកភ្នែកមើលរូបគេ មិនស្គាល់គ្នាទេ មិនបាច់មកគួរសមឡើយ។ មែនហើយ ខ្ញុំជាស្រីស្អាតគួរសមដែរ។ ប្រុសកំលោះជួបខ្ញុំដំបូងច្បាស់ជាចាប់អារម្មណ៍លើរាងកាយស្រឡូនស្រឡៅមួយនេះ។ ប៉ុន្តែពេលពួកគេក្រេបឆ្អែតហើយក៏នឹងដោះដៃទៅរកស្រីផ្សេង។ ខ្ញុំធ្លាប់ខ្លួននឹងក្រសែភ្នែកបុរសសម្លក់សម្លឹងមើលមកដូចជាចង់ស៊ីខ្ញុំមិនឱ្យសល់ឆ្អឹងទៅហើយ។ ឃើញខ្ញុំមិនឆ្លើយ ប្រុសម្នាក់នោះដើរមកកាន់តែជិត។
-ចាំមួយភ្លែត!
នេះគេចង់ធ្វើអីហ្នឹង? ចង់ឃាត់ខ្ញុំមែនទេ? គេដើរមកទល់នឹងមុខខ្ញុំ។
-សុំនាឡិកានេះបានទេ?
ហ្អាក! នេះស្អីហ្នឹង? មកសុំនាឡិកាអ៊ីចឹងឬ?
-សុំចិញ្ចៀននេះផង។ បើប្រុងតែនឹងលោតចុះទៅ ចាំបាច់លោតទាំងកាបូបធ្វើអី? ឱ្យកាបូបនេះមក! អូ មែនហើយ! ខោអាវនេះ ខ្ញុំដូចជាឃើញគេទើបនឹងយកមកហាងថ្ងៃមុនសោះ តម្លៃក៏មិនថោកដែរ ដោះ ឱ្យខ្ញុំបានអត់?
-ហ៊ើយអាឆ្កួត!
ខ្ញុំស្រែកជេរប្រុសមុខក្រាស់។ រួចយកដៃឱបរាងកាយរបស់ខ្ញុំ ប្រឹងបាំងគេចពីនេត្រាដែលគេសម្លឹងមកទាំងញញឹម។
-ក្រែងចង់លោតសម្លាប់ខ្លួនមែនទេ? លោតទៅ មិនឃាត់ទេ តែឱ្យសម្ភារៈជាប់ខ្លួនហ្នឹងមក! ខ្ញុំស្តាយ បើវាធ្លាក់ចុះទៅក្រោមជាមួយនឹងយើងនោះ។ ទោះជាយ៉ាងណា យើងហ្នឹងក៏មិនអាចយករបស់អស់នេះទៅតាមនៅឋានខ្មោចដែរ។
-ចេះដឹងម្ល៉េះ! រឿងរបស់ខ្ញុំ កុំមកចេះ! ខ្ញុំចង់យកស្អីទៅជាមួយខ្ញុំ ក៏មិនទើសក្បាលហាលថ្ងៃអីជាមួយនឹងយើងដែរ។
គេយកដៃចង្អុលមកស្បែកជើងខ្ញុំ។
-វ៉ាវ ស្បែកជើងនេះក៏ស្អាតដែរ ដោះទុកឱ្យផងមុនលោត។
ប្រុសម្នាក់នេះធ្វើដូចជាមិនឮសំឡេងខ្ញុំស្តីឱ្យទេនៅតែទាមទារទ្រព្យសម្បត្តិបន្តិចបន្តួចជាប់ខ្លួនខ្ញុំ។ នេះប្រុងឱ្យខ្ញុំលោតទៅធ្វើជាខ្មោចស្រាតននលគកឬយ៉ាងម៉េច? អាព្រានមុខស្អាត! ខ្ញុំថយប៉ុន្មានជំហានពីគេ។
-ឆ្កួតឬ? ម៉េចក៏មកសុំរបស់ខ្ញុំ?
-អា! ក្រែងយើងចង់សម្លាប់ខ្លួន ឬមិនមែន? របស់ដែលនៅជាប់ខ្លួនអស់នេះ បើខ្ញុំយកទៅលក់ក៏បានប្រហែលជាមួយពាន់ដុល្លារដែរ។ ស្បែកជើង ខោអាវ ខ្សែក ចិញ្ចៀន នាឡិកា។ ក្នុងកាបូប ប្រហែលជាមានទូរស័ព្ទ និងលុយខ្លះមិនខានទេ មែនអត់?
គេកាន់តែនិយាយមិនដឹងរឿងធ្វើឱ្យខ្ញុំកាន់តែក្តៅចិត្តខ្លាំងឡើង។
-មួយពាន់ដុល្លារនេះ ខ្ញុំអាចយកទៅទិញសាច់បានជាច្រើនគីឡូជប់លៀងជាមួយក្មេងៗបានជាច្រើនថ្ងៃ ទិញសម្ភារៈសាលា ស្បែកជើងថ្មីៗ ខោអាវថ្មីៗ ឱ្យក្មេងៗបានទៀត។
-និយាយស្អី?
-គឺនិយាយពីក្មេងៗនៅមណ្ឌលកុមារកំព្រានោះអី។ នៅទីនោះ ពួកគេមិនសូវជាបានញ៉ាំសាច់គោផង។ បានលុយលក់របស់យើងហើយ ខ្ញុំនឹងបានយកទៅជប់លៀងពួកគេ។
មើលគេនិយាយចុះ ចង់មកសុំរបស់ពីមនុស្សចង់សម្លាប់ខ្លួនដើម្បីទៅលក់យកលុយទិញសាច់គោជប់លៀងឱ្យកុមារកំព្រាអ៊ីចឹងឬ?
-ចិត្តអាក្រក់ធ្វើអី? បើចង់សម្លាប់ខ្លួនហើយ ក៏អញ្ជើញចុះ ខ្ញុំមិនឃាត់ទេ។ តែមុនស្លាប់អាចធ្វើបុណ្យបន្តិចក៏ល្អដែរក្រែងបានកុសលយកទៅជាតិមុខនោះអី។
ខ្ញុំនៅស្ងៀម។ គេនិយាយក៏ត្រូវដែរ។ ខ្ញុំចង់ស្លាប់ស្រាប់ហើយ នៅខ្វល់ពីរបស់ក្រៅខ្លួនអស់នេះធ្វើអីទៅ។ ខ្ញុំដោះនាឡិកា ចិញ្ចៀន ខ្សែក បើកកាបូបដាក់វាចូលទៅក្នុងនោះ។ រួចហុចឱ្យមនុស្សដែលខ្ញុំមិនស្គាល់ឈ្មោះ។
-អរគុណ! ចុះស្បែកជើង?
ខ្ញុំដោះស្បែកជើងឱ្យគេ។
-ហើយខោអាវនេះទៀត?
-ខ្ញុំមិនចង់ធ្វើជាខ្មោចស្រាតទេ អាក្រក់មើលខ្លាំងណាស់។
-ខ្មាសនរណា? បើស្លាប់បាត់ហើយហ្នឹង នៅខ្វល់ពីរាងកាយអាក្រាតធ្វើអីទៀត?
-គឺ…
ខ្ញុំរកនឹកចង់តបប្រឆាំងនឹងគេ តែក៏ឆ្ងល់ថា បើខ្ញុំស្លាប់ហើយ ខ្ញុំលែងដឹងអ្វីទាំងអស់។ ម៉េចនៅខ្វល់ថា ខ្លួនស្រាត ឬមិនស្រាត ហើយនៅមានចិត្តខ្មាសគេទៀត។
-លោតសម្លាប់ទាំងខ្លួនប្រាណស្អាតបាត មិនពិការផងនៅមិនខ្មាសគេ។ ចុះគ្រាន់តែក្លាយជាសាកសពដែលគ្មានសម្លៀកបំពាក់ ហេតុអ្វីត្រូវខ្មាស?
អូយ បាញ់ចំៗហ្មងអាប៉ិនេះ។
-នៅកិលេសខ្លះដែរ ម៉េចមិននៅរស់បន្ត ក្រែងលោ…
-យើងជាស្អី មកចង់ប្រដៅខ្ញុំ? មិនដែលស្គាល់គ្នាទេ យើងមិនដឹងឡើយថា ខ្ញុំនេះមានទុក្ខធំប៉ុណ្ណា។
-អ៊ីចឹងឬ? បើខ្ញុំមិនដឹង ប្រាប់ឱ្យខ្ញុំដឹងបន្តិចផង។
គេដាក់ភ្នែកមកខ្ញុំ រួចចាប់កាន់ដៃខ្ញុំដើរចេញពីកន្លែងនោះមកឆ្ងាយបន្តិច។
-លែងដៃ! ចង់ធ្វើស្អី? ចង់នាំខ្ញុំទៅណា?
-ចង់នាំទៅផឹកកាហ្វេ។
-ផឹកកាហ្វេឬ?
គេងក់ក្បាល។ បន្ទាប់មកគេទាញខ្លួនខ្ញុំឱ្យអង្គុយចុះ។ គេបើកសាក់កាដូគេ ទាញយកដបទឹកក្តៅមួយចាក់កាហ្វេហុចឱ្យខ្ញុំ។
-ញ៉ាំទៅ!
-ស្អីហ្នឹង?
-កាហ្វេខ្មៅ។
-ខ្ញុំមិនចេះញ៉ាំទេ។
-សាកមើលទៅ!
-ខ្ញុំមិនចូលចិត្តកាហ្វេខ្មៅ។
-កាហ្វេខ្មៅនេះល្វីងណាស់ តែពេលយើងបិទភ្នែកលេបវាចូលទៅ យើងនឹងរកឃើញភាពផ្អែមល្ហែមខ្លះរបស់វា។
គេចាក់កាហ្វេចូលក្នុងកែវមួយទៀត លើកយកទៅបិទភ្នែកផឹកមួយដង្ហើមក៏អស់ ហើយញញឹម។
-វាដូចជាជីវិតនេះអ៊ីចឹង។ បើយើងសម្លឹងមើលតែភាពខ្មៅកខ្វក់របស់វា យើងនឹងមិនអាចរកឃើញភាពផ្អែមរបស់វាទេ។ តែការដែលភ្លក់វាហើយធ្វើឱ្យយើងធ្លាប់ និងស៊ាំ។
ខ្ញុំនៅស្ងៀម។ ស៊ាំឬ? ខ្ញុំដូចជាស៊ាំឡើងស្ពឹកខ្លួនហើយ។ គ្រួសារក៏គ្មាននរណាឱ្យតម្លៃ។ នៅកន្លែងធ្វើការ ខ្ញុំគ្មានថ្ងៃមើលទៅបានឡើងឋានៈអីខ្ពស់ជាងនេះដែរ ព្រោះ សមត្ថភាពខ្ញុំមិនដល់។ អ្នកចូលក្រោយ គេឡើងឋានៈអស់ ហើយ។ សង្សារវិញមកប៉ុន្មាននាក់ ក៏ល្បួងលួងយកតែប្រាណ ហើយក៏ទៅបាត់។ មិត្តល្អ រកតែម្នាក់មកធ្វើថ្នាំក៏គ្មាន។ ជីវិតនេះពិតជាអាប់អួមើលទៅខ្មៅងងឹតជាងកាហ្វេពណ៌ខ្មៅនៅក្នុងកែវនេះទៅទៀត។ មកប្រាប់ឱ្យខ្ញុំរកឃើញភាពផ្អែមក្នុងជីវិតដ៏សែនខ្មៅងងឹត ខ្ញុំរកមិនឃើញទេ។
-សាកភ្លក់មើលទៅ!
ខ្ញុំលើកកាហ្វេខ្មៅភ្លក់មើលទាំងបិទភ្នែក។ ល្វីងចង់ងាប់ គ្មានឃើញផ្អែមស្អីបន្តិចណាសោះ មនុស្សប្រុសបោកប្រាស់។
-ប្រាប់ខ្ញុំបានអត់? ហេតុអ្វីចង់សម្លាប់ខ្លួន?
ខ្ញុំនៅទ្រឹង មិនឆ្លើយ។
-មួយអាទិត្យ!
-មួយអាទិត្យស្អី?
-ធ្វើជាមិត្តខ្ញុំមួយអាទិត្យ។ បើនៅតែចង់សម្លាប់ខ្លួនទៀត ក៏តាមចិត្ត។
ខ្ញុំនៅស្ងៀមដដែល មិនតប គ្រាន់តែញញឹម គិតថា គេជាប្រុសដូចតែសង្សារខ្ញុំមុនៗអ៊ីចឹង។ ឃើញខ្ញុំស្អាត ក៏ចង់ញ៉ែបានខ្លួនមួយអាទិត្យនេះហើយ ច្បាស់ជានឹងទៅឆ្ងាយពីខ្ញុំ។ ដោយសារតែខ្ញុំសម្រេចចិត្តថានឹងសម្លាប់ខ្លួនស្រាប់ទៅហើយ វាមិនគួរនឹងមានអ្វីខាតទេ។ បើឱ្យប្រុសម្នាក់ទៀតបោកប្រាស់យកខ្លួនប្រាណ។
គេបើកកាបូប ហុចនាមប័ណ្ណមកឱ្យខ្ញុំ។ គេជាបុគ្គលិកនៅក្រុមហ៊ុនមួយ។ ខ្ញុំងក់ក្បាលយល់ព្រមតាមសំណើ។ គេញញឹមនាំខ្ញុំចុះពីកំពូលភ្នំទៅផ្សារ។
-មកទីនេះធ្វើអី?
-ទិញម្ហូប។
-ទិញម្ហូបអី?
ខ្ញុំមិនធ្លាប់ឃើញមនុស្សប្រុសចេះធ្វើម្ហូបទេ។ ទោះជាខ្ញុំសេពគប់ប្រុសរាប់មុខភ្លេច ប៉ុន្តែមិនដែលមានប្រុសណាម្នាក់ធ្លាប់ធ្វើម្ហូបឱ្យខ្ញុំញ៉ាំឡើយ។
-ធ្វើសាច់គោអាំង។
-សាច់អីក៏ច្រើនម្ល៉េះ? ប្រុងញ៉ាំប៉ុន្មានថ្ងៃ?
-យកទៅឱ្យក្មេងៗទេ។
បន្តិចក្រោយមកពួកយើងមកដល់មណ្ឌលក្មេងកំព្រាមួយ។ ម៉ានុ ជាឈ្មោះរបស់មនុស្សប្រុសខ្ញុំទើបនឹងស្គាល់។ គេកំពុងតែឈរហាន់បន្លែ ឯក្មេងៗនាំគ្នាសប្បាយចិត្ត ដែលបានឃើញម៉ានុមកជាមួយនឹងថង់សំពីងសំពោង។ ក្មេងៗរត់មកសួរខ្ញុំ។
-បងជាសង្សាររបស់បងម៉ានុឬ?
-អត់ទេ។
ខ្ញុំគ្រវីក្បាលបដិសេធ។ មើលទៅម៉ានុស្រលាញ់ក្មេងៗណាស់។ ខ្ញុំឃើញគេឱបថើបក្មេងម្តងម្នាក់ៗ។
-បងស្រីឈ្មោះអី? (ក្មេងម្នាក់សួរខ្ញុំ)
-សាលាដ។
-សាលាដ ដូចសាលាដសម្រាប់ញ៉ាំឬ?
-ចាស។
មែនហើយ សូម្បីតែឈ្មោះ ក៏ប៉ាម៉ាក់ខ្ញុំដាក់ឈ្មោះចម្លែកបែបនេះឱ្យខ្ញុំដែរ។ ដូចជាខ្វះឈ្មោះដាក់ណាស់អ៊ីចឹង ធីតា សុជីវី លីណា ដារ៉ា នីតា អី មិនដាក់ឱ្យទេចេញ សាលាដអីឯណាទៅវិញ គឺថា ណ្ហើយ…
-សាលាដ ជួយចិញ្ច្រាំខ្ទឹមបន្តិចបានទេ?
លោកម៉ានុ មេចុងភៅស្រែកបញ្ជាខ្ញុំ ព្រមទាំងហុចខ្ទឹមមួយក្បង់ដៃមកឱ្យ។ ខ្ញុំត្រូវស្តាប់តាមបញ្ជាមេចុងភៅ។ ពួកយើងរៀបចំសាច់គោអាំងឱ្យក្មេងៗនៅទីនោះញ៉ាំទាំងចិត្តរីករាយ។ មិនធ្លាប់គិតសោះថាធ្វើអ្វីដើម្បីអ្នកដទៃដោយមិនរំពឹងអ្វីត្រលប់មកវិញសប្បាយចិត្តយ៉ាងនេះ។ ពួកយើងចាកចេញពីមជ្ឈមណ្ឌលកុមារកំព្រានៅពេលមេឃរាងងងឹតបន្តិចហើយ។ គេនាំខ្ញុំមកផ្ទះឈើមួយ ដែលនៅមិនឆ្ងាយពីមណ្ឌលនោះប៉ុន្មាន។
-ជាផ្ទះនរណា?
-ផ្ទះខ្ញុំជួលគេដើម្បីស្នាក់នៅ ចូលមក!
ខ្ញុំចូលទៅតាមគេ។ ម៉ានុដើរចូលទៅក្នុងបន្ទប់ យកកន្សែងមកឱ្យខ្ញុំ។
-ចង់ងូតទឹកប្តូរខោអាវស្លៀកពាក់ទេ?
-ងូតទឹកឬ?
-បាទ។
ខ្ញុំគ្រវីក្បាល។ ខ្ញុំនេះឆ្កួតទេឬ ហេតុអ្វីមកតាមមនុស្សប្រុសដល់ផ្ទះស្ងាត់បែបនេះ មិនខ្លាចគេរំលោភទេឬ? ខ្លាចធ្វើស្អីទៅ? បើគេរំលោភខ្ញុំ សម្លាប់ខ្ញុំទៀត ក៏វាល្អ នឹងបានខ្ជិលសម្លាប់ខ្លួនផង។
ម៉ានុបង្ហាញបន្ទប់មួយឱ្យខ្ញុំគេងនៅទីនោះ។ វាមានគ្រែឈើក្រាលកន្ទេល និងមុងផង។ ខ្ញុំចូលទៅប្រះខ្លួនគេង។ នេះគេមិនគិតចង់ធ្វើស្អីខ្ញុំទេឬ? ខ្ញុំឮសំឡេងគេងូតទឹក រួចរាល់ហើយគេបើកទ្វារចូលទៅបន្ទប់មួយផ្សេងទៀត។ ខ្ញុំបើកភ្នែកដដែល។ ខ្ញុំដកទូរស័ព្ទមើលរូបថតក្មេងៗដែលខ្ញុំបានថតកាលពីថ្ងៃ។ ពួកគេញញឹមស្រស់ណាស់។ ពួកគេជាក្មេងកំព្រា តែញញឹមដូចជាគ្មានទុក្ខព្រួយសោះ។
មិនដឹងជាខ្ញុំលង់លក់តាំងពីពេលណាទេ។ នៅពេលព្រឹក មេឃមានពន្លឺសុរិយាចាំងចូលបន្ទប់។ ខ្ញុំឮសំឡេងក្តុងក្តាំងនៅខាងក្រោយផ្ទះ។ ខ្ញុំដើរចេញមកឃើញម៉ានុ រៀបចំដាំបាយពេលព្រឹក។
-ធ្វើអីហ្នឹង?
-ដាំបាយ។
ម៉ានុហៅខ្ញុំញ៉ាំបាយ។ គេនៅតែបង្ខំឱ្យខ្ញុំញ៉ាំកាហ្វេខ្មៅជាមួយនឹងគេទៀត។ មួយអាទិត្យពេញ ពួកយើងទៅមកៗមណ្ឌលកុមារកំព្រា។
-ពួកគេជាក្មេងកំព្រា ជាក្មេងខ្វះក្តីស្រលាញ់។ មិនត្រឹមតែខ្វះក្តីស្រលាញ់ទេ សូម្បីតែសម្ភារៈសិក្សា ឬ សម្លៀកបំពាក់ ក៏គ្មានគ្រប់គ្រាន់ដែរ។ ឃើញស្បែកជើងពួកគេប្រើអត់? មានក្មេងម្នាក់នោះបាត់ស្បែកជើង។ អ៊ីចឹងរាល់ពេលទៅរៀន គេត្រូវខ្ចីស្បែកជើងមិត្ត ដែលមិនត្រូវវេនទៅសាលារៀន។
-ហេតុអ្វីនាយកមណ្ឌលមិនទិញថ្មីឱ្យគេអ៊ីចឹង?
-នាយកមណ្ឌលរកតែប្រាក់ទិញអាហារឱ្យពួកគេក៏សឹងពិបាកដែរ។ ម្យ៉ាងទៀត គាត់ចង់បង្រៀនពួកគេឱ្យចេះមើលថែទាំរបស់ទ្រព្យកុំបណ្តោយឱ្យបាត់បង់ផ្តេសផ្តាស។ធ្វើជាក្មេងកំព្រា ពួកគេត្រូវរៀនច្រើនណាស់ រៀនធ្វើជាក្មេងរឹងមាំសម្រាប់អនាគតថែមទៀត។ អ្នកកើតក្នុងគ្រួសារដែលមានគ្រប់យ៉ាង ច្បាស់ជាមិនធ្លាប់ស្គាល់រសជាតិអស់ទាំងនេះ៖ ខ្វះក្តីស្រលាញ់ ខ្វះអាហារ ខ្វះខោអាវ ខ្វះសព្វគ្រប់មុខនោះទេ។
ខ្ញុំងក់ក្បាល។ ខ្ញុំគិតថា ជីវិតខ្ញុំគ្រាន់តែខ្វះក្តីស្រលាញ់តែប៉ុណ្ណឹងសោះ ខ្ញុំចង់សម្លាប់ខ្លួនទៅហើយ។ ដល់តែអ្នកដែលកើតមកខ្វះគ្រប់មុខតែម្តង បែរជាចង់រស់ថែមទាំងញញឹមស្រស់ជាងខ្ញុំទៅទៀត។ ខ្ញុំពិតជាខ្មាសក្មេងៗខ្លាំងណាស់។
ខ្ញុំត្រលប់មកផ្ទះនៅទីក្រុងភ្នំពេញរបស់ខ្ញុំវិញ។ មួយអាទិត្យដែលខ្ញុំបាត់ខ្លួនធ្វើឱ្យអ្នកផ្ទះក្តៅក្រហាយស្តីឱ្យខ្ញុំគ្រប់គ្នា តែខ្ញុំបែរជាធ្វើមិនឮ គ្រាន់តែសុំទោសប៉ាម៉ាក់ ហើយក៏មានអារម្មណ៍ថា ខ្ញុំតាំងពីដើមមក ដូចជាអាត្មានិយមពេកហើយ តែងតែទាមទារក្តីស្រលាញ់ពីប៉ាម៉ាក់ពីមនុស្សជុំវិញខ្លួន។ តែខ្ញុំដូចជាមិនធ្លាប់ផ្តល់ក្តីស្រលាញ់ ឬក៏ផ្តល់ការយកចិត្តទុកដាក់ទៅនរណាគេម្នាក់សោះ។
តាំងពីថ្ងៃនោះមក ខ្ញុំចេះទិញផ្លែឈើដែលម៉ាក់ចូលចិត្ត។ ទិញទឹកក្រឡុកដែលប៉ាចូលចិត្តយកផ្ញើពួកគាត់ក្រោយពេលចេញពីធ្វើការម្តងៗ។ ខ្ញុំលែងខ្វល់ពីរឿងឋានៈ។ ខ្ញុំមិនរវល់នឹងអង្គុយប្រើជីវិតច្រណែនសិស្សប្អូនដែលឡើងឋានៈមុនខ្ញុំ។ និយាយរួម គឺខ្ញុំចាប់ផ្តើមមើលឃើញថា ក្នុងពេលដែលខ្ញុំរវល់តែគិតពីភាពខ្មៅងងឹតក្នុងជីវិតខ្លួនឯង ខ្ញុំក៏ភ្លេចមើលឃើញភាពស្រស់ស្អាតដែលបង្ហាញនៅមុខខ្ញុំ។
ខ្ញុំមានប៉ាមានម៉ាក់ មានបងមានប្អូន មានការងារធ្វើប្រាក់ខែសមរម្យ មានកាយសម្បទាមាំមួន មានរូបរាងស្អាតគួរសម មានដំបូលជ្រក មានអាហារញ៉ាំមិនខ្វះ… តើខ្ញុំទាមទារអីច្រើនម្ល៉េះពីអ្នកដទៃ? ខ្ញុំគួរធ្វើខ្លួនជាអ្នកផ្តល់ឱ្យដូចជា ម៉ានុ។
មែនហើយ បីថ្ងៃហើយ ខ្ញុំមិនធ្លាប់ទាក់ទងទៅម៉ានុទេ។ ខ្ញុំលើកកាហ្វេខ្មៅក្រឹបនោះផឹក។ ខ្ញុំចាប់ផ្តើមស៊ាំនឹងរសជាតិកាហ្វេខ្មៅ។ វាផ្អែមពិតមែនក្រោយពីលេបចូលក្នុង បំពង់ករួច។ ម៉ានុកំពុងធ្វើអីពេលនេះ? ខ្ញុំដូចជានឹកគេ។ ខ្ញុំទាញទូរស័ព្ទ យកនាមប័ណ្ណគេមក រួចចុចលេខតាមនោះ។ ទូរស័ព្ទរោទ៍ ប៉ុន្តែគ្មាននរណាឆ្លើយសោះ។ ប្រហែល ជាគេរវល់។ ស្អែកព្រឹក ខ្ញុំទូរស័ព្ទទៅទៀតនៅតែគ្មាននរណាលើកដដែល។ ប្រុសៗតែអ៊ីចឹង ទាក់ទងបានខ្លួនខ្ញុំហើយ ក៏… ខ្ញុំច្រឡំខឹងគេ។ គេមិនដែលបានប៉ះខ្លួនខ្ញុំម្តងណាឡើយ។
ម៉ានុបានប្រើពេលមួយអាទិត្យដើម្បីជួយបើកចិត្តខ្ញុំឱ្យទូលាយ មើលឃើញពិភពលោកដ៏ស្រស់ស្អាតមួយទេតើ។ ម៉ានុនាំខ្ញុំទៅមណ្ឌលកុមារកំព្រា។ គេនាំខ្ញុំទៅដកដង្ហើមទទួលយកខ្យល់អាកាសបរិសុទ្ធនៅលើភ្នំ។ គេនាំខ្ញុំទៅស្ទូចត្រី ចាប់កង្កែប ស្ទូងស្រូវជាលើកដំបូង…គេបង្រៀនខ្ញុំឱ្យចេះអរគុណគ្រប់ការងាររបស់មនុស្សក្នុងលោក។ គេប្រាប់ថាមនុស្សគ្រប់គ្នាកើតមកដើម្បីបំពេញគ្នា។ គ្មានជីវិតនរណាមានតម្លៃជាងនរណាទេ។ យើងត្រូវចេះអរគុណគ្នាលើកទឹកចិត្តគ្នា។ បើអាចធ្វើអ្វីបានដើម្បីអ្នកដទៃក៏ធ្វើទៅ។
គ្រាន់តែយើងបំពេញការងាររាល់ថ្ងៃដោយមិនចូលរួមបំផ្លាញជាតិ គឺយើងស្រលាញ់ជាតិ និងជាធនធានមានប្រយោជន៍ដល់ប្រទេសជាតិហើយ។ ម៉ានុ! ប្រុសម្នាក់បង្រៀនខ្ញុំឱ្យស្គាល់ពីភាពវិជ្ជមានក្នុងពិភពលោក។ ពេលនេះគេទៅណាបាត់? មិនទាក់ទងមកខ្ញុំ មិនទទួលទូរស័ព្ទខ្ញុំ ឬថាគេមានប្រពន្ធហើយ? ឬថា គេមានសង្សារហើយ? ទើបមិនចង់ឱ្យមានរឿងជាមួយនឹងមនុស្សគេស្រលាញ់ បើមានខ្ញុំចូលទៅក្នុងជីវិតនោះ? សំនួរ ដែលគ្មានចម្លើយចាក់ស្រែះពេញខួរក្បាល។ ជើងទាំងគូរបស់ខ្ញុំក៏មកប្រាកដនៅមុខក្រុមហ៊ុនក្នុងនាមប័ណ្ណរបស់ម៉ានុ។
-ជម្រាបសួរ! មករកនរណាដែរបង?
-ចាសជម្រាបសួរ! បងមករកម៉ានុ គាត់នៅទេ?
ខ្ញុំឆ្លើយទៅអ្នកទទួលភ្ញៀវ។ ទឹកមុខរបស់នាងប្រែ ក្រៀមក្រំភ្លាម។
-បងម៉ានុឬ?
-ចាស។
-បងម៉ានុមិននៅទេ។ គាត់អត់នៅទីនេះទេ។
-គាត់ឈប់ធ្វើការនៅទីនេះហើយឬ?
-អត់ទេ គាត់…
ខ្ញុំយំយ៉ាងខ្លាំង បន្ទាប់ពីស្តាប់សម្តីអ្នកទទួលភ្ញៀវរួច។ ប្រុសនេះចិត្តអាក្រក់ណាស់។ មួយអាទិត្យដែលខ្ញុំស្គាល់គេ គឺគេធ្វើដូចជារឹងប៉ឹងណាស់អ៊ីចឹង។ តែពេលនេះ គេមិនសល់ពេលច្រើនសម្រាប់រស់ទេ។ ខ្ញុំមកដល់ផ្ទះឈើ ដែលពួកយើងធ្លាប់ស្នាក់នៅ។ ឃើញរថយន្តគេនៅទីនេះ ខ្ញុំរហ័សឡើងជណ្តើរទៅរកគេ។ ទ្វាររបើកឡើង ខ្ញុំឃើញមនុស្សប្រុសម្នាក់កំពុងអង្គុយញ៉ាំកាហ្វេធ្វើមិនដឹង។
-សាលាដ!
-ម៉ានុ! ហេតុអ្វីលោកមិនប្រាប់ខ្ញុំថា លោកមានជំងឺ?
គេញញឹម។
-ខ្ញុំដូចជាគ្មានភាពចាំបាច់អីត្រូវប្រាប់សាលាដទេ។
-ក្រែងយើងជាមិត្ត មែនទេ?
គេលើកកាហ្វេផឹកមួយក្អឹក រួចដាក់កែវចុះវិញ។
-បាទ តែមិត្តក៏មិនចាំបាច់ដឹងរឿងរ៉ាវទាំងអស់របស់មិត្តម្នាក់ទៀតដែរ។
-ចុះបើមនុស្សដែលស្រលាញ់វិញនោះ?
ម៉ានុបើកភ្នែកធំដូចជាចម្លែកចិត្ត ក្រោកឈរឡើង។
-មែនហើយ ខ្ញុំស្រលាញ់ម៉ានុ ខ្ញុំស្រលាញ់ម៉ានុ។ ម៉ានុធ្វើឱ្យខ្ញុំស្រលាញ់ហើយ។ ម៉ានុមិនអាចទៅណាទេ។ ម៉ានុត្រូវទទួលខុសត្រូវ។
-សុំទោស។
ខ្ញុំដើរទៅជិតគេ ទៅវាយទ្រូងរបស់គេតិចៗ។
-ខ្ញុំគ្រាន់តែមានជំងឺ មិនមែនជិតស្លាប់ទេ។
គេលូកដៃមកឱបខ្ញុំ។
-ហើយទៅដឹងថា ខ្ញុំឈឺបានយ៉ាងម៉េច?
-គឺអ្នកទទួលភ្ញៀវនៅក្រុមហ៊ុនម៉ានុប្រាប់។
-ប្រាប់ថាម៉េច?
-ប្រាប់ថា លោកឈឺធ្ងន់។
-ត្រូវហើយ ខ្ញុំឈឺផ្តាសាយធំ ក្តៅខ្លួន ទើបគិតសុំច្បាប់ឈប់បន្ថែមប៉ុន្មានថ្ងៃទៀត។
-ផ្តាសាយឬ?
ម៉ានុងក់ក្បាល រួចគេឱនមុខចុះមក។
-ចង់ធ្វើអី? ចង់ចម្លងផ្តាសាយឱ្យខ្ញុំឬ?
-តែពេលនេះជាហើយ មិនឆ្លងទេ។
ខ្លួនរបស់ខ្ញុំក៏ត្រូវហោះចូលក្នុងរង្វង់ដៃគេ។
-មករកកូនប្រុសគេដល់ផ្ទះ នៅប្រាប់ថាស្រលាញ់គេទៀត ប្រាកដជាដឹងហើយថា លទ្ធផលមិនសូវល្អប៉ុន្មានទេ។
ខ្ញុំតោងកម៉ានុជាប់។ ឆ្កួតមែន អ្នកទទួលភ្ញៀវនៅក្រុមហ៊ុននោះប្រាប់ថា គាត់ឈឺធ្ងន់។ គ្រាន់តែផ្តាសាយ ឈឺធ្ងន់អីទៅ។ ខ្ញុំខំតែភ័យថានឹងអាចបាត់បង់គេទៅហើយ។
-បើហ៊ានតែធ្វើអីខ្ញុំ ខ្ញុំនឹងចាប់ម៉ានុធ្វើប្តីឱ្យបាន។ កុំសង្ឃឹមថា គេចពីដៃសាលាដបាននោះ។
-មិនគេចទេ ព្រោះខ្ញុំចូលចិត្តញ៉ាំសាលាដណាស់។ ឱ្យញ៉ាំមួយជីវិតក៏បានដែរ នឹងមិនធុញទេ។
ខ្ញុំបិទភ្នែកទទួលស្នាមថើប ដែលម៉ានុប្រគល់ឱ្យជាលើកដំបូង តែគេក៏មិនធ្វើអីខ្ញុំក្រៅតែពីថើប។ បន្ទាប់ពីនោះមក ម៉ានុនិងខ្ញុំសម្រេចសេពគប់ធ្វើជាសង្សារនឹងគ្នា។ គេជាមនុស្សមិនចេះគុំគួន មិនឆេវឆាវ ស្ងាត់ស្ងៀម ចូលចិត្តផ្តល់ក្តីស្រលាញ់ឱ្យអ្នកដទៃ ប៉ុន្តែពេលខ្លះ គេក៏បិទទូរស័ព្ទ។
-ហេតុអ្វីបានបិទទូរស័ព្ទ?
-មិនចូលចិត្តឱ្យនរណាមករំខានពេលវេលាដ៏ល្អដែលយើងនៅជាមួយគ្នា។
គេតែអ៊ីចឹង ពូកែណាស់អារឿងធ្វើឱ្យខ្ញុំចាញ់នឹងពាក្យរ៉ូមែនទិករបស់គេហ្នឹង។
-ចុះបើនរណាមានរឿងអីបន្ទាន់ ទូរស័ព្ទមក គិតយ៉ាងម៉េចទៅ?
-ខ្ញុំមិនមែនពេទ្យ មិនមែនប៉ូលីស មិនមែនអ្នកពន្លត់ អគ្គីភ័យ អ៊ីចឹងខ្ញុំមិនមែនជាមនុស្សទីមួយដែលនរណាម្នាក់មានទុក្ខត្រូវទូរស័ព្ទមកទេ។
ទោះគេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែគេក៏ ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ។ ម៉ានុជាមនុស្សមើលឃើញពិភពលោកនេះក្នុងផ្លូវល្អណាស់។ សេពគប់ជាមួយគេធ្វើ ឱ្យខ្ញុំនេះក្លាយជាមនុស្សមានអារម្មណ៍ជ្រះថ្លាតាមហ្នឹងដែរ។ អ៊ីចឹងហើយ ទើបចាស់ៗឧស្សាហ៍ប្រដៅ សេពគប់ បណ្ឌិតក្លាយជាបណ្ឌិត។ ដល់ពេលយើងសេពគប់មនុស្ស សុទិដ្ឋិនិយម យើងនឹងក្លាយជាមនុស្សសុទិដ្ឋិនិយមដែរ។ ដូចនេះ ការសេពគប់មនុស្សសំខាន់ខ្លាំងណាស់។ បើមិនចង់ក្លាយជាមនុស្សគិតតែរឿងអវិជ្ជមាន ចូរព្យាយាមស្វែងរកសេពគប់មនុស្សដែលគិតពីភាពវិជ្ជមាន ដើម្បីធ្វើឱ្យជីវិតយើងមានភាពស្រស់ថ្លា។
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត