ជំងឺបាក់ទឹកចិត្ត
ប្រភពរូបភាព: Adobe Stock Images
ជំងឺបាក់ទឹកចិត្ត ឬជាភាសាអង់គ្លេស Depression គឺជាជំងឺផ្លូវចិត្តដ៏កាចសាហាវឆក់យកជីវិតមនុស្សអស់ជាច្រើននាក់រៀងរាលឆ្នាំ។ ខ្ញុំធ្លាប់បាត់បង់មិត្ដដ៏ល្អម្នាក់ដោយសារតែជំងឺមួយនេះ។ វាមិនមែនជារឿងកំប្លែងសម្រាប់នរណាម្នាក់យកមកនិយាយលេងសើចឡើយ។ ខ្ញុំក៏បានស្រាវជ្រាវលើប្រធានបទនេះច្រើនដែរ។ ជំងឺបាក់ទឹកចិត្តនេះកើតឡើងទៅលើមនុស្សជាច្រើននាក់។
កំណត់អាការៈជំងឺបាក់ទឹកចិត្ត
ជាដំបូង សូមឈ្វេងយល់ពីរោគសញ្ញាបាក់ទឹកចិត្តបន្តិចសិន៖
- មានអារម្មណ៍ក្រៀមក្រំ
- ពេលខ្លះចង់តែយំ
- អស់សង្ឃឹមក្នុងជីវិត
- ឆេវឆាវ
- ធុញថប់
- គ្មានអារម្មណ៍ចង់ធ្វើអ្វីដើម្បីសប្បាយចិត្ត
- គេងមិនលក់ ឬគេងច្រើនពេក
- ឆាប់អស់កម្លាំង
- លែងចង់ញ៉ាំអាហារ (ស្រកទម្ងន់) ឬញ៉ាំច្រើនពេក (ឡើងទម្ងន់)
- គិតយឺត និយាយមួយៗ កាយវិការយឺតៗ
- មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ឬបន្ទោសខ្លួនឯងពីរឿងអតីតកាល
- ពិបាកក្នុងការគិត
- មិនសូវយកចិត្តទុកដាក់
- ពិបាកសម្រេចចិត្ត
- ចងចាំតែរឿងអវិជ្ជមាន
- មានគំនិតចង់ស្លាប់ ឬ ចង់ធ្វើអត្តឃាតជាញឹកញាប់
- មានបញ្ហាសុខភាពដូចជា ឈឺខ្នង ឬឈឺក្បាល។
មូលហេតុបាក់ទឹកចិត្ត
មានមូលហេតុជាច្រើន ដែលធ្វើអោយមនុស្សបាក់ទឹកចិត្ត៖
- មូលហេតុមួយ ដែលធ្វើឱ្យយុវវ័យបាក់ទឹកចិត្ត ក៏ព្រោះតែពួកគេមិនអាចរកគំរូមនុស្សល្អឃើញក្នុងសង្គម។
- មូលហេតុចម្បងមួយទៀត ដែលនាំមនុស្សបាក់ទឹកចិត្តដែរនោះ គឺនៅក្នុងពេលកុមារភាព គេទទួលបានការធ្វើបាបផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ ឬក៏បាត់បង់មនុស្សជាទីស្រលាញ់។
- អ្នកខ្លះបាក់ទឹកចិត្ត ព្រោះគេមានអារម្មណ៍ថាខ្លួនទន់ខ្សោយ មិនឆ្លាតគ្រប់គ្រាន់ និងរកវិធីដោះស្រាយបញ្ហាក្នុងជីវិត។
- ប៉ុន្តែករណីខ្លះ មនុស្សបាក់ទឹកចិត្តត្រូវបានគេស្រាវជ្រាវឃើញថា អាចជាជំងឺតំណតពូជមាននៅក្នុងហ្សែន (gene) ពីកំណើតទើបមនុស្សម្នាក់នោះងាយបាក់ទឹកចិត្ត។
- រាងកាយ និងអ័រម៉ូនប្រែប្រួលរបស់មនុស្សក៏ជាចំណែកមួយអាចរុញច្រានមនុស្សចូលទៅការបាក់ទឹកចិត្តផងដែរ។
- សរសៃខួរក្បាលមិនប្រក្រតីណាមួយក៏អាចនាំម្ចាស់រាងកាយបាក់ទឹកចិត្តផង។
ការព្យាបាលជំងឺបាក់ទឹកចិត្ត
ឆ្លងតាមការស្រាវជ្រាវខ្លះៗ ខ្ញុំសុំជូនវិធីព្យាបាលនៅខាងក្រោមនេះ។ ប្រសិនបើអ្នកមិនទាន់ធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ អ្នកអាចសាកល្បងបាន ប៉ុន្តែបើដឹងថា ខ្លួនធ្ងន់ធ្ងរ អ្នកត្រូវតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យផែ្នកផ្លូវចិត្តជាបន្ទាន់។
វិធីសាស្ត្រទី ១ ៖ បង្កើតទម្លាប់ថ្មី
បើតាមលោកគ្រូពេទ្យ Ian Cook បានបញ្ជាក់ថា៖ បើអ្នកដឹងថាខ្លួនកំពុងតែបាក់ទឹកចិត្ត អ្នកត្រូវតែបង្កើតទម្លាប់ល្អថ្មីមួយសម្រាប់ខ្លួនឯង។
វិធីសាស្ត្រទី ២ ៖ ហាត់ប្រាណ
ហាត់ប្រាណមិនត្រឹមតែជួយព្យាបាលជំងឺបាក់ទឹកចិត្តប៉ុណ្ណោះទេ។ បើតាម Havard Medical School បញ្ជាក់ថា ការហាត់ប្រាណមានប្រយោជន៍ណាស់ចំពោះសុខភាព។ វាជួយធ្វើឱ្យយើងគេងលក់បានស្រួល។ វាអាចជួយការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកាត់បន្ថយសម្ពាធឈាម។ ហាត់ប្រាណបង្កើត Endorphins ក្នុងខ្លួនយើងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ ហាត់ប្រាណក៏អាចជួយធ្វើឱ្យខួរក្បាលរបស់យើងមានសុខភាពល្អផងដែរ។ អ្នកអាចដើរជុំវិញផ្ទះមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោង ឬក៏ទៅហាត់ប្រាណជុំគ្នានៅសួនច្បារមាត់ទន្លេជាមួយអ្នកដទៃ។ វិធីនេះក៏អាចជួយអ្នកឲ្យមានចិត្តរីករាយមានអាយុយឺនយូរផងដែរ។
វិធីសាស្ត្រទី ៣ ៖ របបអាហារត្រឹមត្រូវ
អ្នកត្រូវបរិភោគរបបរអាហារត្រឹមត្រូវសម្រាប់សុខភាព។ អ្នកត្រូវតែពិនិត្យមើលអ្វីដែលអ្នកទទួលទាន។ ញ៉ាំច្រើនណែនក្រពះបែរជាធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អទៅវិញ។ ដូចនេះអ្នកត្រូវតែត្រួតពិនិត្យអ្វីដែលអ្នកដាក់ចូលក្នុងខ្លួន។
វិធីសាស្ត្រទី ៤ ៖ គេងអោយបានគ្រប់ ៧ ទៅ ៨ ម៉ោង
ប្រសិនបើអ្នកបាក់ទឹកចិត្ត អ្នកច្រើនតែពិបាកគេងលក់ ដូចនេះអ្នកគួរតែបង្កើតទម្លាប់ល្អមួយសម្រាប់ខ្លួនឯងដោយការចូលគេងទៀងពេលវេលា។ បើកំណត់ថា ចូលម៉ោង១១ គឺចូលគេងម៉ោង១១រាល់ថ្ងៃ។ ហើយអ្នកត្រូវក្រោកពីព្រឹកម៉ោងដដែលៗរាល់ថ្ងៃ។ កុំដាក់ទូរទស្សន៍ ទូរស័ព្ទ ឬក៏កុំព្យូទ័រនៅជិតខ្លួន ឬក៏កុំប៉ះវាមុនពេលរៀបចូលនិន្ទ្រា។ ព្រោះការមើលអេក្រង់ច្រើនបែរជាកាន់តែធ្វើឱ្យអ្នកពិបាកគេងទៅវិញទេ។ បើអាច អ្នកអាចធ្វើសមាធិមុនចូលគេង ឬស្តាប់ភ្លេងជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់ស្ងៀម។
វិធីសាស្ត្រទី ៥ ៖ បង្កើតគោលដៅ
បើអ្នកបាក់ទឹកចិត្ត គឺអ្នកមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃទើបអ្នកមិនដឹងជាដើរទៅទីណា ឬក៏ធ្វើអ្វី។ ដូចនេះអ្នកអាចបង្កើតគោលដៅមួយឱ្យខ្លួនឯង។ ការបង្កើតគោលដៅប្រចាំថ្ងៃ នឹងជួយលើកទឹកចិត្តអ្នកឱ្យរកឃើញតម្លៃជីវិតរបស់អ្នកឡើងវិញ។
វិធីសាស្ត្រទី ៦ ៖ OMEGA-3
អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកគួរតែលេបថ្នាំ OMEGA-3។ វាជាជាគ្រាប់ដូចជាថ្នាំដែលគេលេបដើម្បីជាជំនួយដល់រាងកាយ។ បើអ្នកឧស្សាហ៍បរិភោគត្រីញឹកញាប់ហើយ អ្នកមិនចាំបាច់លេបវាទេ។ គេនិយាយថា ថ្នាំ OMEGA-3 មិនត្រឹមតែជួយដល់ការព្យាបាលជំងឺបាក់ទឹកចិត្តទេ វាថែមទាំងជួយការពារជំងឺផ្សេងៗដូចជា ជំងឺមហារីក ឬបេះដូង។ ជំងឺផ្សេងទៀតដែលទាក់ទងនឹង Inflammatory (ការរលាក)។ ហើយ OMEGA 3 នេះ ជា Anti-Inflammatory គឺប្រឆាំងនឹងការរលាកក្នុងរាងកាយ។ មុននឹងលេបវា អ្នកគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន។
វិធីសាស្ត្រទី ៧ ៖ Vitamin D
វីតាមីននេះ យើងអាចរកបានដោយការដើរត្រូវពន្លឺថ្ងៃ។ វីតាមីន D សំខាន់ណាស់ សម្រាប់រាងកាយរបស់យើង។ វាជួយការលូតលាស់ឆ្អឹងរបស់យើង និងប្រព័ន្ទការពាររាងកាយរបស់យើង។ គេថាអ្នកខ្វះវីតាមីន D អាចនឹងជួបប្រទះជំងឺផ្សេងៗដូចជា ទឹកនោមផ្អែម មហារីកជាដើម។ ហើយវាក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តយើងផងដែរ។ ដោយសារតែនៅប្រទេសខ្លះខ្វះពន្លឺថ្ងៃ គ្រូពេទ្យបានផ្តាំអោយមនុស្សញ៉ាំវីតាមីន D បន្ថែម។
វិធីសាស្ត្រទី ៨ ៖ ព្យាយាមនៅជាមួយធម្មជាតិអោយបានច្រើន
ធម្មជាតិជួយធ្វើឱ្យអារម្មណ៍មនុស្សស្រស់ថ្លា។
វិធីសាស្ត្រទី ៩ ៖ សេពគប់ជាមួយនឹងមិត្តគិតវិជ្ជមាន
អ្នកគួរព្យាយាមចេញទៅក្រៅជួបមិត្តល្អៗជជែកកំសាន្ត ឬក៏ដើរលេងជុំគ្នាដើម្បីជាការផ្តល់ថាមពលជីវិតដល់អ្នក។ អ្នកមិនចាំបាច់ត្រូវតែមានមិត្តច្រើនរាប់មិនអស់ទេ។ បើមានមិត្តល្អតែប៉ុន្មាននាក់ក៏គ្រប់គ្រាន់ហើយ។
ព័ត៌មានបន្ថែម
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត