ផ្លាស់ប្តូរជីវិតថ្មី
ប្រភពរូបភាព: Adobe Stock Images
ចង់ផ្លាស់ប្តូរជីវិតថ្មី គួរធ្វើម៉េច? ចម្លើយ គឺញញឹមពេលក្រោកពីដំណេក។ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានឲ្យដឹងថា ញញឹមជួយបង្កើតអ័រម៉ូនម្យ៉ាងនៅក្នុងរាងកាយរបស់យើង។ វាធ្វើឱ្យយើងមានអារម្មណ៍រីករាយនៅក្នុងចិត្ត។ ពេលយើងញញឹម និងសើចកាន់តែច្រើន រាងកាយរបស់យើងនឹងទទួលបានអ័រម៉ូនល្អនោះកាន់តែច្រើន។
ក្រៅពីនាំអារម្មណ៍យើងឲ្យរីករាយ ស្នាមញញឹមជាសញ្ញាវិជ្ជមានសំរាប់ថ្ងៃថ្មី។ វាក៏គ្រាន់បើជាងការធ្វើមុខជ្រួញកើតទុក្ខទាំងព្រលឹមដែរ។ តើមែនដែរឬទេ? ក្រៅពីបញ្ចេញស្នាញញឹមទាំងព្រឹកព្រលឹម អ្នកវិទ្យាសាស្រ្តក៏បានទូន្មានឲ្យអនុវត្តវិធីនានាដូចខាងក្រោមនេះ៖
រៀបចំគ្រែ
ក្រោកភ្លាម រៀបចំគ្រែភ្លាម។ ចាស់ៗតែងបង្រៀនយើងឱ្យរៀបចំគ្រែពូកឱ្យបានល្អ មុនចេញពីបន្ទប់។ កាលពីនៅក្មេង ខ្ញុំខ្ជិលណាស់មិនចង់រៀបចំទេ។ ប៉ុន្តែក៏ត្រូវធ្វើជាប្រចាំព្រោះខ្លាចលោកពុកអ្នកម៉ែ។ ប៉ុន្តែក្រោយពេលខ្ញុំធំឡើងទើបខ្ញុំដឹងថា ការរៀបចំគ្រែធ្វើឱ្យយើងឃើញគ្រែយើងមិនរញ៉េរញ៉ៃ ស្រឡះភ្នែកល្អណាស់។
ស្តាប់សៀវភៅជាសំឡេង
ដើម្បីកុំឱ្យខាតពេលវេលា យើងអាចពាក់កាសនៅត្រចៀកដើម្បីស្តាប់សៀវភៅ រួចហើយធ្វើការងារផ្សេងៗ ដូចជារៀបចំអាហារសម្រាប់គ្រួសារ ឬក៏រៀបចំខ្លួនសម្រាប់ទៅធ្វើការ ឬទៅសាលារៀន។ ពេលណាយើងស្តាប់សៀវភៅ យើងនឹងទទួលបានចំណេះដឹងថ្មីៗ។ ហើយយើងខ្លួនឯងក៏មានអារម្មណ៍ថា ខ្លួនមិនបានចំណាយពេលអត់ប្រយោជន៍ដកដង្ហើមចោលដែរ។ អ្នកខ្លះចំណាយពេលក្រោកឡើងភ្លាម មើលហ្វេសប៊ុកភ្លាម។ ការចំណាយពេលមើលព័ត៌មានលើបណ្តាញសង្គមមិនបានជួយឱ្យនរណាសប្បាយចិត្តនោះទេ។ ផ្ទុយទៅវិញ ការស្តាប់សៀវភៅ ឬក៏អត្ថបទលើកទឹកចិត្តដើម្បីរស់នៅក្នុងភាពវិជ្ជមានទើបជួយមនុស្សមានអារម្មណ៍ស្រស់ស្រាយព្រមទាំងញញឹមរីករាយ។ នេះជាអ័រម៉ូនល្អសម្រាប់រាងកាយយើង។ នៅពេលណា យើងជាបុគ្គលិកពេញម៉ោង ឬជាសិស្សពេញម៉ោង យើងមិនសូវមានពេលវេលាអានសៀវភៅបន្ថែមចំណេះដឹងផ្សេងៗនោះទេ។ ប្រសិនបើជាម្តាយកូនតូចៗពីរនាក់ដូចជាខ្ញុំទៀតរឹតតែមិនសូវមានពេលវេលាបន្ថែមទៀត។
ការផ្តល់ព័ត៌មានថ្មីៗ ល្អៗដល់ខួរក្បាលរបស់យើងនឹងជួយអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់យើង។ វាព្រមទាំងជួយដល់ការស្វែងរកក្តីសុខក្នុងការរស់នៅព្រមទាំងចំណេះដឹងសម្រាប់អភិវឌ្ឍជំនាញ ឬក៏ចំណេះដឹងបង្កើតមុខរបរ ឬក៏ប្រភពចំណូលផ្សេងៗ។ ក្រៅពីស្តាប់សៀវភៅក្នុងពេលកំពុងរៀបចំខ្លួនមុនទៅធ្វើការ យើងក៏អាចស្តាប់សៀវភៅក្នុងពេលធ្វើដំណើរក្នុងរថយន្ត។ ពេលខ្លះទៀត ខ្ញុំស្តាប់សៀវភៅក្នុងពេលហាត់ប្រាណ។ សូមចងចាំថា បើយើងមិនស្តាប់សៀវភៅ ខួរក្បាលរបស់យើងនឹងដើរដដែល។ យើងអាចនឹងគិតឃើញរឿងល្អ ឬក៏រឿងមិនល្អ។ ដូចនេះ ប្រសិនបើយើងកំពុងតែប្រទះថា ខ្លួនយើងគិតរឿងមិនល្អច្រើន យើងគួរតែចំណាយពេលស្តាប់សៀវភៅឱ្យបានច្រើន។ ចំពោះអ្នកមានពេលវេលា ការអានសៀវភៅ គឺជាជម្រើសដ៏ល្អ។ ប៉ុន្តែ ចំពោះអ្នកមានពេលវេលាតិចតួច មានវិធីផ្សេងៗដើម្បីឆ្លៀតក្រេបយកចំណេះដឹងថ្មីតាមរយៈសៀវភៅ។បើអ្នកពុំមានពេលអានសៀវភៅ អ្នកអាចប្តូរមកជាស្តាប់សៀវភៅក៏បានដែរដើម្បីចំណេញពេលវេលា។ អ្នកអាចស្តាប់ពេលកំពុងធ្វើការងារផ្ទះ ឬក៏កំពុងអង្គុយក្នុងរថយន្តខណៈពេលស្ទះចរាចរណ៍ជាដើម។
ជីវិតថ្មីតាមរយៈសមាធិ
អ្នកខ្លះបានប្រើពេលវេលាក្រោកពីព្រឹកក៏អង្គុយម្នាក់ឯងដើម្បីធ្វើសមាធិ ១០ ទៅ ២០នាទី។ អ្នកខ្លះទៀតប្រើពេលវេលាក្រោយពីធ្វើការពេញមួយថ្ងៃដ៏ហត់នឿយដើម្បីអង្គុយធ្វើសមាធិ ឬក៏អង្គុយស្ងៀមដោយមិនធ្វើអ្វីសោះ មិនគិតពីអ្វីទាល់តែសោះ។ សម្អាតចិត្ត សម្អាតគំនិតច្របូកច្របល់នេះហើយ គឺជាពេលវេលាដ៏ល្អដើម្បីយើងអាចផ្ចង់អារម្មណ៍ និងផ្តល់ថាមពលដល់ខ្លួនឯងជាថ្មីឡើងវិញ។
ការធ្វើសមាធិ៖
-ជួយកាត់បន្ថយស្ត្រេស
-ជួយផ្តល់ថាមពលជីវិត
-ស្វែងរកខ្លួនឯងជាថ្មី
-ផ្តល់អារម្មណ៍ស្រស់ថ្លា
-ជួយគេងលក់ស្រួល
-ជួយកាត់បន្ថយសម្ពាធឈាម
កំណត់គោលដៅជីវិត
បើយើងនិយាយពីការកំណត់គោលដៅ វាដូចជាវែងអន្លាយគួរឱ្យភ័យខ្លាចពេក។ អ្នកអាចនឹងភ័យរត់គេចមិនចង់កំណត់គោលដៅអ្វីមួយ ព្រោះអ្នកមិនចង់ប្រឈមមុខនឹងការបរាជ័យនានានៅតាមផ្លូវដែលអាចនឹងមានឧបសគ្គ។ យើងអាចកំណត់គោលដៅតូចៗប្រចាំថ្ងៃក៏បានដែរ ដូចជា៖
-ធ្វើការងារណាមួយឱ្យចប់
-អានសៀវភៅល្អៗ
-សម្រកគីឡូ
-រៀននៅម្នាក់ឯង
ដើម្បីរៀនស្គាល់ខ្លួនឯង
-មិនចុះចាញ់មុខឧបសគ្គ
-បង្កើតទម្លាប់ល្អៗ
ការកំណត់គោលដៅថ្មីសម្រាប់ជីវិត ពេលខ្លះវាមិនងាយស្រួលទេ។ ប៉ុន្តែគ្មានអ្វីឈ្នះលើការតាំងចិត្តរបស់មនុស្សឡើយ។ ដើម្បីអាចរស់នៅក្នុងក្តីសុខ យើងត្រូវតែហ៊ានឆ្លងកាត់ទុក្ខ។ ហេតុអ្វីមនុស្សបរាជ័យលឿនទាំងមិនទាន់ដល់គោលដៅរបស់ខ្លួន? ព្រោះមនុស្សប្រឹងសម្លឹងរកមើលតែឧបសគ្គមិនព្រមមើលពីគុណសម្បត្តិដែលយើងអាចទៅដល់គោលដៅនោះ។ ការធ្វើដដែលជាច្រើនដងនឹងក្លាយជាទម្លាប់ល្អសម្រាប់ខួរក្បាលរបស់មនុស្ស។ ហើយការធ្លាប់ខ្លួននឹងការដោះស្រាយបញ្ហាច្រើនក៏នឹងធ្វើឱ្យមនុស្សវៃឆ្លាតដោះស្រាយបញ្ហាបានលឿនជាងមុនដែរ។ បើមិនធ្វើអ្វី គឺយើងនឹងមិនបានអ្វីនោះទេ។
សន្សំប្រាក់
ការសន្សំប្រាក់សំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាព្រោះយើងតែងតែត្រូវការប្រាក់ជាប្រចាំ។ ប្រសិនបើយើងដឹងថា ខ្លួនជាមនុស្សមិនចេះសន្សំ យើងក៏ប្រញាប់កែប្រែខ្លួនភ្លាម។ ការទម្លាក់លេខ ឬការទិញសម្ភារៈមិនចាំបាច់សម្រាប់ជីវិតរស់នៅដែលយើងយល់ថាអាចជួយឱ្យយើងសប្បាយចិត្តនោះ គឺជាការគិតខុស។ តើមានធ្លាប់ចំណាំទេថា ក្រោយពីយើងទិញអាវមួយដែលយើងស្រលាញ់មកពាក់មិនបានប៉ុន្មាន យើងក៏ឃើញអាវថ្មីទៀតស្អាតជាង? បើយើងធ្វើខ្លួនក្លាយជាអ្នករត់តាមសម្ភារៈ យើងនឹងក្លាយជាកញ្ជះប្រាក់។ ហើយអ្នកធ្វើការដើម្បីតែបង់លុយទៅសម្ភារៈដែលមិនអាចនឹងធ្វើឱ្យអ្នកសប្បាយចិត្ត។ ផ្ទុយទៅវិញ ដើម្បីធ្វើឱ្យយើងរស់នៅសប្បាយចិត្តពិតប្រាកដ គឺការមានពេលវេលាសម្រាប់ខ្លួនឯង និងសម្រាប់មនុស្ស ដែលស្រលាញ់អ្នក។ ដូចនេះ អ្នកអាចនឹងចាប់ផ្តើមធ្វើការងារ ហើយសន្សំប្រាក់ដើម្បីមានលុយច្រើនសម្រាប់បណ្តាក់ទុនលើមុខរបរ ឬលើការងារណាមួយដែលអ្នកស្រលាញ់។
អ្នកត្រូវតែរកវិធីកាត់ចំណាយរបស់ខ្លួន ដូចនេះអ្នកត្រូវ៖
១-មានកូនសៀវភៅមួយជាប់ខ្លួន កត់ត្រាគ្រប់ចំណាយ។ បើប្រាក់ចំណូលតិចជាងចំណាយ អ្នកកំពុងមានបញ្ហាហើយ។
២-កុំទិញរបស់ដែលគ្មានប្រយោជន៍
៣-ប្រើរបស់ទាល់តែអស់ថ្លៃ
៥-លុយសម្រាប់តែការចំណាយចាំបាច់
លុយសល់ពីសន្សំ យើងអាចដាក់នៅធនាគាររយៈពេលយូរមួយដោយការមិនដកមួយឆ្នាំ ឬពីរឆ្នាំដើម្បីបង្កើតប្រាក់ចំណេញពីលុយនោះ។ វាមិនខុសពាក្យគេថា ដាំលុយបង្កើតលុយបន្ថែមទៀត។
បណ្តាក់ទុនចំណេះដឹង
ការបណ្តាក់ទុនល្អបំផុត គឺបណ្តាក់ទុនលើចំណេះដឹង។ ការអាន និងរៀនជំនាញបន្ថែមកាន់តែច្រើនកាន់តែធ្វើឱ្យយើងឆ្លាត។ អ្នកអាចនឹងរកវិធីបង្កើនតម្លៃឱ្យខ្លួនឯង។ ហើយអ្នកក៏នឹងក្លាយជាមនុស្សដែលទីផ្សារកាងារត្រូវការ។ មានចំណេះដឹងពិតប្រាកដ វាជាឱកាសឲ្យអ្នកអាចរកប្រាក់ចំណូលបានគ្រប់ទិសទៀតផង។ ការបណ្តាក់ទុនចំណេះដឹងមិនចេះខាតទេព្រោះចំណេះដឹងចោរលួចប្លន់យើងមិនបានឡើយ។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំរៀយរាប់ខាងលើអាចជួយជាមគ្គទេសក៍បង្ហាញផ្លូវដ៏ល្អមួយដល់អ្នកទាំងអស់គ្នាក្នុងការចាប់ផ្តើមកសាងផ្លាស់ប្តូរជីវិតល្អមួយដើម្បីរស់នៅក្នុងក្តីសុខ៕
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត