ជីវិតមិនឥតខ្ចោះ
ប្រភពរូបភាព: Adobe Stock Images
ពេលខ្លះ អ្នកហាក់អស់សង្ឃឹមព្រោះងាកមើលមកខ្លួនឯងដូចជាមិនឃើញមានផែនការជីវិត ឬក៏មិនមានគោលដៅជីវិតច្បាស់លាស់។ ពេលខ្លះ អ្នកអូសហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀត អ្នកឃើញរូបថតឡូយឆាយហ៊ឺហារបស់មនុស្សផងទាំងពួង។ អ្នកនឹកសរសើរពួកគេដែលមានជីវិតឥតខ្ចោះប្រៀបដូចផ្កាកុលាប។
សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងពិភពឌីជីថល។ អ្វីៗដែលអ្នកឃើញមិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ។ នៅតាមបណ្តាសង្គម មនុស្សភាគច្រើនផុសតែរូបស្អាតៗរបស់ពួកគេ។ យើងឃើញពួកគេដើរលេងសប្បាយញញឹមស្រស់ស្រាយជានិច្ច។ មើលទៅជីវិតរបស់ពួកគេហាក់ដូចជារីករាយរហូត។ ប៉ុន្តែ ធាតុពិត គឺជីវិតពិតប្រាកដរបស់អ្នកទាំងនោះមិនមែនសុទ្ធតែស្រស់ស្រាយរហូតដូចយើងគិតនោះទេ។ យើងមិនដឹងច្បាស់ថា តើពួកអ្នកទាំងនោះឆ្លងកាត់អ្វីខ្លះទេក្នុងមួយថ្ងៃៗក្រៅតែពីរូបថតសប្បាយរីករាយ ឬជីវិតឡូយឆាយលើបណ្តាញសង្គម។
ជីវិតពិតមិនស្រស់ដូចផ្កាកុលាប
តាមពិតទៅ មនុស្សគ្រប់គ្នាសុទ្ធតែជួបបញ្ហាក្នុងជីវិត។ គ្មានជីវិតនរណាម្នាក់ល្អឥតខ្ចោះ ឬមិនជួបបញ្ហានោះទេ។ បញ្ហាមានតូចមានធំទៅតាមបរិបថនៃជីវិតរបស់មនុស្សម្នាក់ៗ។ ជីវិតនរណាៗក៏មិនឥតខ្ចោះ ហើយក៏គ្មាននរណាម្នាក់ល្អឥតខ្ចោះដែរ។ ដូចនេះអ្នកក៏មិនត្រូវគិតថា ខ្លួនឯងល្អមិនគ្រប់គ្រាន់នោះដែរ។ អ្នកត្រូវគិតថា ជីវិត គឺបែបនេះ។ ពោល គឺត្រូវចេះដោះស្រាយបញ្ហាដែលអាចនឹងកើតមានជាយថាហេតុ។
អ្នកត្រូវចេះលួងចិត្តខ្លួនឯង។ ត្រូវគិតថា អ្នកជាមនុស្សល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ ជីវិតរបស់អ្នកមិនមែនសំរាប់អ្នកដ៏ទៃទេ។ ហើយប្រសិនបើអ្នកយល់ថា ខ្លួនខ្វះចំណេះដឹងមួយណា អ្នកគួរនឹងស្វែងរករៀនចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចំរើនទៅមុខទៀត។ មនុស្សត្រូវការអភិវឌ្ឍខ្លួន អភិវឌ្ឍចំណេះដឹងជាប្រចាំ។ អ្នកមិនចាំបាច់ត្រូវប្រៀបខ្លួនអ្នកទៅនឹងនរណាម្នាក់ទេ។វាគ្មានអ្វីខុសទេដែលអ្នកសំរេចចិត្តធ្វើអ្វីមួយដើម្បីបំពេញក្តីសុបិនផ្ទាល់ខ្លួន។ អ្នកអាចសម្រេចបានច្រើនរឿងណាស់ ប្រសិនបើអ្នកមានឆន្ទះក្នុងការធ្វើវា។
ប្រសិនបើអ្នកមានគោលដៅច្បាស់លាស់ អ្នកក៏គួររៀបចំផែនការចាប់ពីពេលនេះដើម្បីដើរទៅរកគោលដៅនោះដោយក្តីញញឹម។ សូមកុំជឿរូបថតលើបណ្តាញសង្គមពេក។ អ្វីដែលអ្នកបានឃើញ មិនមែនសុទ្ធតែជាការពិតទាំងស្រុងនោះទេ។ វាគ្រាន់តែជាសំបកក្រៅដែលមនុស្សមួយចំនួនបំពាក់លើខ្លួនដើម្បីបំបាត់ទុក្ខនៅខាងក្នុងចិត្តដ៏ជ្រៅរបស់ពួកគេ។ អ្នកឃើញគ្រួសារគេរីករាយដើរលេងសប្បាយ ឬជីវិតហាក់ដូចថ្កុំថ្កើងណាស់។ ប៉ុន្តែក្រោយមក ស្រាប់តែអ្នកលឺរឿងអាស្រូវដែលគ្រប់គ្នានឹកស្មានមិនដល់ថានឹងអាចកើតមានឡើងក្នុងជីវិតពួកគេ។
អ្នកឃើញគេមាន គេហ៊ឺហា អ្នកយល់ថាគេមិនចេះកើតទុក្ខ។ ប៉ុន្តែក្រោយជញ្ជាំងខ្ពស់នោះ ស្រាប់តែគេអង្គុយអារកដៃស្រឡូនស្រឡៅរបស់គេ ព្រោះតែភាពវេទនាក្នុងដួងចិត្ត។ ដូចនេះ កុំជឿលើរូបថតលើបណ្តាញសង្គម។ គេគ្រាន់តែបង្ហាញកូនផ្នែកតូចមួយនៃជីវិតរបស់ពួកគេតែប៉ុណ្ណោះ។ គេមានបញ្ហារបស់គេ។ អ្នកមានបញ្ហារបស់អ្នក។ ជិវិតមិនឥតខ្ចោះនោះទេ។ អ្នកកុំទៅអង្គុយប្រៀបធៀបខ្លួននឹងជីវិតមនុស្សតាមបណ្តាញសង្គម។ អ្នកខ្វល់តែជីវិតរបស់ទៅបានហើយ។
កំណត់ផែនការជីវិត
បើអ្នករវល់តែប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតអ្នកដទៃ អ្នកនឹងគ្មានថ្ងៃរកឃើញក្តីសុខក្នុងផ្លូវចិត្តទេ។ អ្នកត្រូវតែធ្វើជាម្ចាស់ការលើជីវិតរបស់ខ្លួនផ្ទាល់ ប្រសិនបើអ្នកចង់រស់នៅក្នុងក្តីសុខពិតមួយ។ អ្នកត្រូវតែចេះទទួលខុសត្រូវលើជីវិតរស់នៅរបស់ខ្លួនឯង។ ចង់សម្រេចគោលដៅអ្វីមួយ អ្នកត្រូវតែចាប់ផ្តើមធ្វើពីវិនាទីនេះភ្លាមៗ។ ដើម្បីឆ្លាក់ស្នាមញញឹមលើបបូរមាត់របស់អ្នក និងរកឃើញក្តីសុខក្នុងផ្លូវចិត្តពិតប្រាកដ នេះជាវិធីងាយៗមួយចំនួនដែលអ្នកអាចយកទៅអនុវត្ត៖
ទីមួយ៖ អ្នកត្រូវឈប់ប្រៀបខ្លួនទៅនឹងអ្នកដទៃ
ទីពីរ៖ ស្វែងរកចំណេះដាក់ខ្លួន បន្តអភិវឌ្ឍខ្លួនជានិច្ចទាំងចំណេះដឹង និងចំណេះធ្វើ។ ពោល គឺប្រឹងសង្វាតអាន ឬសង្វាតរៀនតាមវីដេអូនានា។ ត្រូវប្រឹងទាំងធ្វើការងារសម្រេចយកលទ្ធផលដែលអ្នកចង់បាន។
ទីបី៖ កុំភ្លេចចាត់ចែងពេលវេលាសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីកុំឱ្យហត់នឿយដល់ថ្នាក់ Burnout (បាក់កម្លាំងជ្រុល)។ បើហត់ គឺត្រូវតែសម្រាកយកកម្លាំង។
ទីបួន៖ សេពគប់មនុស្សគិតវិជ្ជមានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ធម៌សេពគប់នេះសំខាន់ណាស់ក្នុងជីវិត។
ព័ត៌មានបន្ថែម
- វីដេអូជីវិតមិនឥតខ្ចោះ
- សេវាកម្មអង្គការផែ្នកជំនួយផ្លូវចិត្តនៅកម្ពុជា
- តំបូន្មានគ្រូពេទ្យជុំវិញបញ្ហាផ្លូវចិត្ត
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត