តើធ្វើយ៉ាងណាដើម្បីក្លាយជាមនុស្សពូកែ?
ប្រភពរូបភាព: Adobe Stock Images
មនុស្សមួយចំនួនតែងសួរខ្លួនឯងថា តើខ្ញុំត្រូវធ្វើដូចម្តេចទើបពូកែដូចគេ? អ្នកខ្លះបន្ទោសខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនឆ្លាត? ចំណែកអ្នកផ្សេងទៀតចោទជាសំណួរថា ហេតុអ្វីបានជាខួរក្បាលខ្ញុំខ្សោយ? មនុស្សយើងគ្រប់គ្នាសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ភាពឧស្សាហ៍ព្យាយាម គឺជាគន្លឹះជោគជ័យ។
មនុស្សពូកែតែងខិតខំព្យាយាម
មនុស្សម្នាក់ៗមានរបៀបចងចាំមិនដូចគ្នាទេ។ អ្នកខ្លះឆាប់ចេះចាំភ្លាមៗ ខណៈពេលអ្នកផ្សេងទៀតត្រូវការពេលយូរបន្តិចទើបព័ត៌មាននោះជ្រាបចូល។ ដើម្បីឲ្យការចងចាំរបស់អ្នកកាន់តែមានប្រសិទ្ធិភាពដូចអ្នកមានការចងចាំលឿន ចម្លើយ គឺអ្នកត្រូវទម្លាប់ធ្វើដដែលៗច្រើនដង។ បើតាមសម្តីរបស់លោក Malcom Gladwell អ្នកនិពន្ធកាណាដាម្នាក់បានឲ្យដឹងថា៖
មនុស្សដែលចង់មានទំនុកចិត្តខ្ពស់ត្រូវប្រឹងធ្វើអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃទើបបុគ្គលនោះក្លាហានមិនចេះខ្លាចឧបសគ្គចំពោះមុខខ្លួន។
Malcom Gladwel, Outliers: The Story of Success (2011)
ក្នុងន័យនេះ ប្រសិនបើយើងចង់មានជំនាញ ឬពូកែអ្វីមួយ យើងត្រូវតែអនុវត្តកិច្ចការនោះឱ្យបានមួយម៉ឺនម៉ោង។ ប៉ុន្តែយើងមិនត្រូវការពេលដល់ទៅមួយម៉ឺនម៉ោងដើម្បីពូកែគណិតវិទ្យាថ្នាក់ទី១២ ឬក៏ចងចាំមេរៀននានានោះទេ។ យើងគ្រាន់តែអនុវត្តវាដដែលៗប្រហែលជាបួនប្រាំដង។ នោះយើងនឹងចងចាំរូបមន្ត ឬខ្លឹមសារមេរៀននោះហើយ។
កុំយកភាពខ្ជិលច្រអូសជាលេស
តាមការសង្កេតទូទៅបានឱ្យដឹងថា មនុស្សមួយភាគធំច្រើនតែងរកវិធីងាយស្រួលជាលេសដើម្បីដោះស្រាយបញ្ហាណាមួយដែលខ្លួនជួបប្រទះ។ នៅពេលដែលជួបភាពស្មុគស្មាញសាំញ៉ាំ ឬប្រើពេលវេលាច្រើនពេក បុគ្គលនោះក៏ខ្ជិលច្រអូសបោះបង់ចោលបំណងរបស់ខ្លួន។ នៅពេលនោះ គេក៏តាំងយកលេសគេចយករួចខ្លួនដោយប្រើពាក្យដូចខាងក្រោមនេះ៖
-មកពីខ្ញុំកើតមកមិនឆ្លាត
-មកពីខ្ញុំកើតមកខួរក្បាលអន់
-មកពីសែន (ហ្ស៊ែន) ពីកំណើតរបស់ខ្ញុំ
-មកពីប៉ាម៉ាក់ខ្ញុំមិនបានរៀនខ្ពស់
-មកពីគ្រួសារខ្ញុំមិនមែនជាអ្នកមាន
-មកពីខ្ញុំគ្មានពេលវេលា
ទាំងនេះសុទ្ធសឹងតែជាលេសសំរាប់លួងលោមខ្លួនឯងដោយមិនទទួលស្គាល់ភាពខ្ជិលច្រអូសរបស់ខ្លួន។ គេនឹងរកលេសគ្រប់សព្វដើម្បីគេចពីទំនួលខុសត្រូវរបស់ខ្លួនឯង។ តើអ្នកគិតថា មានមនុស្សកើតមកឆ្លាតពីធម្មជាតិប៉ុន្មាននាក់លើលោកនេះ? ចម្លើយដ៏ខ្លី គឺមិនច្រើននោះទេ។ សូមបញ្ជាក់ថា មនុស្សឆ្លាតមានទេពកោសល្យពីកំណើតក៏អាចនឹងចាញ់មនុស្សដែលខំប្រឹងប្រែងមិនព្រមឈប់ដែរ។ ដូចនេះ ឈប់ប្រើលេសថា ខ្លួនមិនឆ្លាតទៀតទៅ។ តាមពិតទៅ មនុស្សខ្លះមិនពូកែចាប់បានរហ័សដូចអ្នកដទៃ ប៉ុន្តែពួកគេស្វែងរកព័ត៌មានជាប់ជានិច្ចដើម្បីបំពេញចំណេះដឹងក្នុងខួរក្បាលដែលខ្វះខាត។ ឧទាហរណ៍ថា មានសិស្សម្នាក់ចង់រៀនពូកែ ប៉ុន្តែជាអកុសល គាត់មិនមានការចងចាំពូកែចាប់បាននៅក្នុងថ្នាក់រៀន។ ពេលត្រលប់មកពីសាលាវិញ គាត់ត្រូវតែចាប់ផ្តើមធ្វើលំហាត់ជាច្រើនដងរហូតដល់ចងចាំរូបមន្តនៅក្នុងខួរក្បាលរបស់គាត់។ ហើយវិធីដោះស្រាយលំហាត់នោះក៏ដក់ជាប់នៅក្នុងការចងចាំរបស់សិស្សនោះ។
អភិវឌ្ឍជំនាញរបស់ខ្លួន
ចំពោះមេរៀនពីសាលា សិស្សានុសិស្សទាំងឡាយត្រូវតែឆាប់រំឭកភ្លាមៗជាច្រើនដងរហូតទាល់តែចេះចាំ។ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវតែមើលមេរៀននោះទាល់តែយល់សិនទើបយើងឆាប់ចាំចំណុចសំខាន់ៗ។ គ្រប់ព័ត៌មានមិនមែនចូលមកក្នុងខួរក្បាលរបស់យើងដោយទទេៗនោះទេ។ យើងត្រូវតែស្វែងរកវា។ ត្រូវដាក់កំហិតខ្លួនឯងថា បើមិនចេះ មិនធ្វើអ្វីផ្សេងទេ។ គ្មានអ្វីឈ្នះលើការខំប្រឹងនោះឡើយ។ បើអ្នកពូកែសរសេរ គឺសរសេរមេរៀនជាច្រើនដងទាល់តែចាំដៃ។ បើអ្នកពូកែស្តាប់ អ្នកគួរថតសំឡេង រួចស្តាប់ឡើងវិញជាច្រើនដងទាល់តែចាំក្នុងខួរក្បាល។ បើអ្នកពូកែមើល គឺអ្នកមើលច្រើនដងទាល់តែបិទភ្នែកក៏នឹកឃើញ។ គ្រប់ទេពកោសល្យ គឺត្រូវការអនុវត្តបន្ថែម។ កុំប្រើលេសគេចវេះពីការព្យាយាមរៀនសូត្រ។ ក្នុងនាមជាសិស្ស អ្នកត្រូវមានទំនួលខុសត្រូវលើការរៀនសូត្រ។
ស្ថិតនៅក្នុងភាពយុវវ័យ ទំនួលខុសត្រូវចម្បងរបស់អ្នក គឺអភិវឌ្ឍជំនាញរបស់ខ្លួនឯងជានិរន្តរ៍ដោយការប្រឹងអានសៀវភៅបន្ថែម ចុះឈ្មោះរៀនជំនាញបន្ថែម ឬក៏ស្វែងរករៀនជំនាញបន្ថែម តាមវេបសាយ៍ជាច្រើនក្នុងពេលបច្ចុប្បន្ន។ លេសគ្រាន់តែជួយសម្រួលក្នុងចិត្តអ្នកបណ្តោះអាសន្នតែប៉ុណ្ណោះដើម្បីគេចវេះពីទំនួលខុសត្រូវរបស់ខ្លួនអ្នក។ ប៉ុន្តែវានឹងបំផ្លាញទំនុកចិត្តរបស់អ្នកជារៀងរាល់ថ្ងៃនាំអ្នកក្លាយជាមនុស្សដែលមិនមានទំនុកចិត្តខ្ពស៕
©រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ លឹម សន្តិភាព
លោកអ្នកអាចផ្សព្វផ្សាយអត្ថបទ ឬវីដេអូនេះនៅតាមបណ្តាញសង្គម។ ប៉ុន្តែ គ្មាននរណាម្នាក់មានសិទ្ធិយកខ្លឹមសារអត្ថបទនេះធ្វើអាជីវកម្មកេងយកប្រាក់ចំណេញតាមរយៈការបោះពុម្ពផ្សាយ ថតចម្លង ផ្សព្វផ្សាយ ដោយផែ្នក ឬទាំងស្រុង ក្រោមទម្រង់ជា pdf ជាសំឡេង ជាវីដេអូ ឬជាអ្វីផ្សេង ក្រោមមធ្យោបាយស្តុកទិន្នន័យឌីជីថល ដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធឡើយ។ ជនល្មើសនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។
Captain បណ្តូលចិត្ត